ព័ត៌មានអន្តរជាតិ

ទីក្រុងវ៉ាស៊ីនតោន​ ពន្យារពេលការបញ្ជូនមីស៊ីល Patriot ទៅកាន់អ៊ុយក្រែន ខណៈមានភាពតានតឹងរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់កាសែត The Washington Post បានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក​ មិនទាន់អនុម័តលើការផ្ទេរមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ខណៈកំពុងមានភាពតានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី។

របាយការណ៍នេះបានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងបុគ្គលបីនាក់ផ្សេងទៀតដែលដឹងរឿងនេះថា មីស៊ីលទាំងនោះមួយចំនួនត្រូវបានបញ្ជូន មកពីបណ្តាប្រទេសដែលជាមិត្តនឹងអ៊ុយក្រែន ប៉ុន្តែការផ្ទេរទាំងនេះតម្រូវឱ្យមានការអនុម័ត ពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ភីត ហេហ្គសេត។

យោងតាមរបាយការណ៍ដដែល លោក ហេហ្គសេត មិនទាន់បានបដិសេធជាផ្លូវការចំពោះការផ្ទេរនេះទេ ប៉ុន្តែក៏មិនទាន់បានអនុវត្តតាមនីតិវិធីចាំបាច់​ ដើម្បីផ្តល់ការអនុម័តនោះដែរ។

របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែរក្សាការគ្រប់គ្រងលើអាវុធទាំងនេះ ដោយសារពួកវាជាផលិតផលរបស់អាមេរិក ហើយត្រូវបាននាំចេញទៅក្រៅប្រទេសក្រោមលក្ខខណ្ឌដែលតម្រូវឱ្យមានការយល់ព្រមពីសហរដ្ឋអាមេរិក ប្រសិនបើមានការផ្ទេរបន្តទៅកាន់ប្រទេសផ្សេងទៀត។

មន្ត្រីអ៊ុយក្រែនម្នាក់បានប្រាប់កាសែតនេះកាលពីសប្តាហ៍មុនថា នៅក្នុងឃ្លាំងអាវុធរបស់អ៊ុយក្រែន គឺនៅសល់មីស៊ីលស្ទាក់ចាប់ត្រឹមតែ «មួយចំនួនតូច» ប៉ុណ្ណោះ។
ការពន្យារពេលនេះកើតឡើងក្នុងពេលដែលលោក ដូណាល់ ត្រាំ បានរិះគន់លោក ហ្សេឡិនស្គី ជាច្រើនលើកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

ប្រែសម្រួល​ បូរ៉ា

To Top