ចក្រភពអង់គ្លេស ព្រមានអំពីការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងគម្រោងតាំងទីលំនៅ E1 ដ៏ចម្រូងចម្រាសរបស់អ៊ីស្រាអែល
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានចេញការព្រមានមួយ ទៅកាន់បុគ្គល និងក្រុមហ៊ុននានា ដែលកំពុងពិចារណា ដាក់សំណើដេញថ្លៃសម្រាប់គម្រោងសាងសង់នៅក្នុងតំបន់តាំងទីលំនៅ E1 របស់អ៊ីស្រាអែល ស្ថិតក្នុងតំបន់វេសប៊ែង ដែលកំពុងស្ថិតក្រោមការកាន់កាប់។ ការព្រមាននេះបញ្ជាក់ថា ពួកគេអាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ផលវិបាកផ្នែកច្បាប់ និងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាដេីម។
លោក Ed Miliband រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបើកឱ្យមានការដេញថ្លៃសម្រាប់តំបន់តាំងទីលំនៅនៅ E1 គឺជាការគំរាមកំហែងដោយផ្ទាល់ដល់លទ្ធភាពនៃការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ហើយសកម្មភាពនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។ ថ្ងៃនេះគឺជាថ្ងៃផុតកំណត់ សម្រាប់ការដាក់សំណើដេញថ្លៃ សម្រាប់គម្រោងតាំងទីលំនៅ E1 នេះ»។
លោកបានព្រមានថា ចក្រភពអង់គ្លេសបានបង្កើតយន្តការថ្មីមួយ ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងការសាងសង់តំបន់តាំងទីលំនៅខុសច្បាប់ ដូចជាតំបន់ E1 ជាដើម។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា «យើងសូមអំពាវនាវដល់ធុរកិច្ច និងបុគ្គលនានា កុំបន្តដាក់សំណើដេញថ្លៃសម្រាប់គម្រោងសាងសង់នៅ E1 នេះ។ ពួកគេគួរតែដឹងអំពីផលវិបាកផ្នែកច្បាប់ និងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ រួមទាំងហានិភ័យនៃការជាប់ពាក់ព័ន្ធនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»៕
ប្រែសម្រួល ឈូក បូរ៉ា
