កាតា ត្រៀមប្រកាសភាព ជាដៃគូការពារជាតិក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពយោធា
ដូហា៖ លោក Sheikh Saoud bin Abdulrahman Al Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការពារជាតិកាតា បានឧ្យដឹងថា ប្រទេសកាតា កំពុងរៀបចំប្រកាសភាពជាដៃគូការពារជាតិថ្មីមួយនៅក្នុងតំបន់ ដែលមានគោលបំណងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសលើវិស័យការពារដែនអាកាស ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងសន្តិសុខតាមអ៊ិនធឺណិត (សាយប័រ)។

ថ្លែងនៅក្នុងវេទិកាសន្តិសុខសកល (Global Security Forum) នៅទីក្រុងដូហា លោករដ្ឋមន្ត្រីបានឱ្យដឹងថា កាលពីឆ្នាំមុន ប្រទេសកាតាបានធ្វើការពិនិត្យឡើងវិញលើវិស័យការពារជាតិ ដោយបានកំណត់យកវិស័យការពារដែនអាកាស សមត្ថភាពប្រឆាំងដ្រូន សន្តិសុខសាយប័រ និងសង្គ្រាមអេឡិចត្រូនិក ជាអាទិភាពសំខាន់ៗ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ កាតា នឹងប្រកាសភាពជាដៃគូថ្មីមួយជាមួយដៃគូក្នុងតំបន់ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមនានា សំដៅអភិវឌ្ឍសមត្ថភាពនៅក្នុងវិស័យអាទិភាពទាំងនេះ ក៏ដូចជាវិស័យការពារជាតិផ្សេងទៀត។
លោកបានបន្ថែមថា ប្រទេសកាតា ក៏កំពុងសហការជាមួយដៃគូអន្តរជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដើម្បីគាំទ្រដល់ការផលិតសម្ភារៈការពារជាតិក្នុងស្រុក និងការវិនិយោគលើក្រុមហ៊ុននានាដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ។
លើសពីនេះ លោកក៏បានប្រកាសអំពីផែនការបង្កើតមជ្ឈមណ្ឌលការពារជាតិមួយនៅក្នុងប្រទេសកាតា ដោយបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
