ព័ត៌មានអន្តរជាតិ

ចិន​ ព្រមានចក្រភពអង់គ្លេស​ កុំឱ្យអនុវត្តពន្ធលើរថយន្តអគ្គិសនីរបស់ចិន ក្នុងទម្រង់ដូចសហភាពអឺរ៉ុប

ប៉េកាំង៖​ ប្រទេសចិន​ បានជំរុញឱ្យចក្រភពអង់គ្លេសគោរព តាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចៀសវាងការដើរតាមសហភាពអឺរ៉ុប ក្នុងការដាក់វិធានការរឹតត្បិត លើរថយន្តអគ្គិសនីរបស់ចិន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន​ បានលើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីអង់គ្លេសម្នាក់ថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវតែចាត់វិធានការរួមគ្នា​ ដើម្បីដោះស្រាយបញ្ហា «ឥទ្ធិពលគ្របដណ្ដប់» របស់ចិន​ នៅក្នុងវិស័យរថយន្ត។ របាយការណ៍ដដែលនោះក៏បានបញ្ជាក់ដែរថា ចក្រភពអង់គ្លេស​ កំពុងពិភាក្សាជាមួយដៃគូអឺរ៉ុប​ អំពីការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន។

អ្នកនាំពាក្យរូបនេះបានថ្លែងថា «កិច្ចសហប្រតិបត្តិការរវាងចិន និងចក្រភពអង់គ្លេស​ នៅក្នុងឧស្សាហកម្មរថយន្ត គឺផ្អែកលើចំណុចខ្លាំងដែលបំពេញឱ្យគ្នាទៅវិញទៅមក ភាពស្មើគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ ចិន និងចក្រភពអង់គ្លេស គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក»។

អ្នកនាំពាក្យរូបនេះបានជំរុញឱ្យភាគីអង់គ្លេស «ពិចារណាឱ្យបានច្បាស់លាស់មុននឹងចាត់វិធានការអ្វីមួយ និងកុំធ្វើតាមការចង្អុល បង្ហាញរបស់សហភាពអឺរ៉ុប»។ លោកបានបន្ថែមថា ប្រទេសចិន​ នឹងតាមដានយ៉ាងដិត ដល់នូវរាល់សកម្មភាពរបស់ចក្រភពអង់គ្លេស ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ឧស្សាហកម្មចិន ប្រសិនបើចក្រភពអង់គ្លេស នៅតែទទូចដាក់វិធានការរឹតត្បិត លើរថយន្តអគ្គិសនីរបស់ចិន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top