ទីក្រុងមួយចំនួននៅបារាំង ប្រកាសបម្រាមគោចរ ក្រោយផ្ទុះកុប្បកម្មហិង្សា និងការតវ៉ារាលដាលដល់ផ្នែកខ្លះនៃអឺរ៉ុប
បរទេស ៖ អាជ្ញាធរបារាំង បានសម្រេចដាក់ចេញបម្រាមគោចរ តាមតំបន់ជាក់លាក់ រួមទាំងតំបន់មួយចំនួននៃរដ្ឋធានីប៉ារីស បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារ ដោយអំពើហិង្សា និងកុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិធានការបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពីការតវ៉ាប្រឆាំងនឹងបញ្ហាវិស័យអប់រំ និងការកើនឡើងនៃតម្លៃជីវភាពរស់នៅ បានប្រែក្លាយទៅជារលកហិង្សាបង្កគ្រោះថ្នាក់ ដល់អាយុជីវិតនៅទូទាំងប្រទេស កាលពីចុងសប្តាហ៍កន្លងទៅ ដែលបង្កឱ្យមានការបន្ទោសប្រកែកគ្នា ក្នុងឆាកនយោបាយផ្ទៃក្នុង និងគំរាមកំហែងរាលដាលដល់បណ្តាប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ។

ស្ថានភាពទូទាំងប្រទេសបារាំងនៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅថ្ងៃចន្ទ ខណៈដែលនាយករដ្ឋមន្ត្រី Sébastien Lecornu បានស្នើឱ្យទីក្រុងមួយចំនួនអនុវត្ត “បម្រាមគោចរមួយផ្នែក” ដើម្បីការពារអាយុជីវិតពលរដ្ឋ ទ្រព្យសម្បត្តិ និងអាជីវកម្មនានា។
វិធានការរឹតបន្តឹងជាក់ស្តែងតាមបណ្តាទីក្រុងសំខាន់ៗរួមមាន តំបន់ Place de la République ត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមគោចរចាប់ពីម៉ោង ១១យប់ថ្ងៃចន្ទ ដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ ខណៈផ្លូវជុំវិញតំបន់ Les Halles អនុវត្តចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។

ទីក្រុងលីយ៉ុង ហាមឃាត់ការជួបជុំលើដងផ្លូវសាធារណៈចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ថ្ងៃចន្ទ អមដោយបម្រាមគោចរនៅតាមផ្នែកខ្លះនៃទីក្រុងរហូតដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ។
ទីក្រុងម៉ាសី អាជ្ញាធរបានហាមឃាត់រាល់ការជួបជុំ និងការធ្វើបាតុកម្មទាំងអស់ចាប់ពីថ្ងៃត្រង់ រហូតដល់ម៉ោង ៨យប់ម៉ោងក្នុងស្រុក។
នៅកណ្តាលក្រុងនីស (Nice) និងទីក្រុងមួយចំនួនក្នុងខេត្ត Nord (រួមមាន Lille, Douai, Wattignies និង Denain) អាជ្ញាធរបានកំណត់បម្រាមគោចរសម្រាប់អនីតិជននៅចន្លោះម៉ោង ៨ ទៅ ៩យប់ រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារ។
វិធានការទាំងនេះត្រូវបានដាក់ចេញ បន្ទាប់ពីមនុស្សជាង ២ ០០០នាក់ ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិត និងមានរបាយការណ៍អំពីរងរបួសធ្ងន់ធ្ងរជាច្រើននាក់ រួមទាំងមនុស្ស ២នាក់បានដាច់ដៃផងដែរ។
ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានោះ កងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស និងបានប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកបង្កចលាចលដែលស្លៀកពាក់ខ្មៅ និងពាក់ម៉ាស់គ្របក្បាល ដែលបានដុតបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងវាយកម្ទេចហាងទំនិញ និងអគាររដ្ឋបាល ដែលរូបភាពខ្លះបានបង្ហាញឱ្យឃើញអគារប្រវត្តិសាស្ត្រមួយចំនួនកំពុងឆាបឆេះ។
ស្របពេលដែលប្រទេសបារាំងកំពុងចាប់ផ្តើមគណនាទំហំនៃការខូចខាត ការរិះគន់ និងការចោទប្រកាន់បានកើនឡើងយ៉ាងខ្លាំងថា រដ្ឋាភិបាលខកខានក្នុងការវាយតម្លៃទុកជាមុនអំពីទំហំនៃវិបត្តិ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីបន្តតំណែងពីលោក Emmanuel Macron នៅសល់តែ ៦ខែទៀតប៉ុណ្ណោះ។
ថ្វីដ្បិតតែអាជ្ញាធរ និងមេដឹកនាំនយោបាយបានគូសបញ្ជាក់ថា ក្រុមអ្នកតវ៉ាភាគច្រើនលើសលប់បានធ្វើឡើងដោយសន្តិវិធីក៏ដោយ កម្រិតនៃការប៉ះទង្គិច និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនេះបានអង្រួនផ្ទៃក្នុងប្រទេស និងនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងសាធារណជន។
នាយករដ្ឋមន្ត្រីបារាំងក៏បានសន្យាថានឹងបើកកិច្ចប្រជុំក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើ “សំណើជាក់ស្តែង” និងស្តាប់នូវការទាមទាររបស់ក្រុមអ្នកតវ៉ា ។ ទោះជាយ៉ាងណា គេនៅតែរង់ចាំមើលថាតើចំណាត់ ការទាំងនេះនឹងគ្រប់គ្រាន់ដើម្បីទប់ស្កាត់រលកបាតុកម្មនៅក្នុងប្រទេសបារាំង ក៏ដូចជាការតវ៉ាប្រឆាំងនឹងការឡើងថ្លៃ នៃជីវភាពរស់នៅ ដែលកំពុងរីករាលដាលទៅកាន់បណ្តា ប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបដែរឬទេ៕
ប្រែសម្រួល៖ គីរី
