ចៅក្រមនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតីគុយបា លោក Raul Castro អាយុ ៩៥ឆ្នាំ
បរទេស៖ អគ្គរដ្ឋអាជ្ញានៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទថា ចៅក្រមម្នាក់នៅក្នុងរដ្ឋនេះ បានចេញដីកាចាប់ខ្លួន អតីតប្រធានាធិបតីគុយបា លោក Raul Castro ដែលមានអាយុ ៩៥ ឆ្នាំ ។ វិធានការនេះបង្ហាញ ពីការកើនឡើងមួយកម្រិតទៀត នៃយុទ្ធនាការដាក់សម្ពាធ ដែលទីក្រុងវ៉ាស៊ីនតោន បានអនុវត្តអស់រយៈពេលជាច្រើនខែមកហើយ ប្រឆាំងនឹងទីក្រុងហាវ៉ាណា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា ដីកាចាប់ខ្លួននេះគឺពាក់ព័ន្ធនឹងហេតុការណ៍កាលពីឆ្នាំ ១៩៩៦ នៅពេលដែលយន្តហោះអាមេរិកចំនួន ២ គ្រឿង ត្រូវបានបាញ់ទម្លាក់នៅឯនាយឆ្នេរសមុទ្រគុយបា។ យន្តហោះទាំងនោះត្រូវបានបញ្ជា ដោយជនជាតិគុយបាដែលនិរទេសខ្លួន និងប្រឆាំងនឹងរបបកុម្មុយនីស្ត។ អាជ្ញាធរអាមេរិកចោទប្រកាន់ថា លោក Castro គឺជាអ្នកបញ្ជាឱ្យមានការវាយប្រហារនេះ។
លោក James Uthmeier អគ្គរដ្ឋអាជ្ញានៃរដ្ឋផ្លរីដា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Miami ថា៖ «ថ្ងៃនេះ យើងប្រកាសពីការចោទប្រកាន់ នៅកម្រិតរដ្ឋប្រឆាំងនឹងលោក Raul Castro ព្រមទាំងបានចេញដីកាចាប់ខ្លួនគាត់ ពីបទសមគំនិតប្រព្រឹត្តអំពើឃាតកម្ម កម្រិតទីមួយ»។ លោកបានបន្ថែមថា ក្រុមរដ្ឋអាជ្ញាបានប្រមូលភស្តុតាង និងសក្ខីកម្មពីសាក្សី ដែលបង្ហាញពីទំនាក់ទំនងរវាងបណ្តាញចារកម្មគុយបា ជាមួយនឹងប្រតិបត្តិការដែលគេជឿថា បាននាំឱ្យលោក Castro ចេញបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះទាំងនោះ។
កាលពីខែឧសភា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់លោក Castro និងបុគ្គល ៥ នាក់ផ្សេងទៀត ដោយដាក់ការចោទប្រកាន់ជាច្រើន រួមមាន អំពើឃាតកម្ម ការសមគំនិតសម្លាប់ពលរដ្ឋអាមេរិក និងការបំផ្លាញយន្តហោះ។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានហៅការចោទប្រកាន់នេះថាជា «ល្បិចនយោបាយ ដែលគ្មានមូលដ្ឋានផ្លូវច្បាប់អ្វីទាំងអស់» ហើយបានចោទទីក្រុងវ៉ាស៊ីនតោនថា កំពុងប្រើប្រាស់រឿងនេះជាលេស ដើម្បីធ្វើឱ្យសកម្មភាពយោធានាពេលអនាគតប្រឆាំងនឹងទីក្រុងហាវ៉ាណា ហាក់ដូចជាមានភាពត្រឹមត្រូវ។
