ព័ត៌មានអន្តរជាតិ

ប្រទេសហ្វាំងឡង់ កំពុងស្វែងរកការទិញមីន ប្រឆាំងមនុស្សចំនួន ១ លានគ្រាប់ ដោយសារមើលឃើញ ពីការគំរាមកំហែងពីរុស្ស៊ី

បរទេស៖ ប្រទេសហ្វាំងឡង់កំពុងស្វែងរកការទិញមីនប្រឆាំងមនុស្សចំនួន ១ លានគ្រាប់។ ផែនការចំណាយប្រាក់ប្រហែល ១០០ លានអឺរ៉ូ (១១២ លានដុល្លារអាមេរិក) លើគ្រឿងផ្ទុះទាំងនេះ កើតឡើងបន្ទាប់ពីទីក្រុងហែលស៊ីនគី (Helsinki) និងបណ្តាប្រទេសក្នុងតំបន់ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង របស់អង្គការសហប្រជាជាតិមួយ ដែលហាមឃាត់ការប្រើប្រាស់មីនប្រភេទនេះ។

យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា ដោយសារទីក្រុងមូស្គូត្រូវបានគេចោទប្រកាន់កាន់តែខ្លាំងឡើងថា កំពុងធ្វើសង្គ្រាមបែបចម្រុះ (hybrid warfare) ប្រឆាំងនឹងអ្នកដែលគាំទ្រអ៊ុយក្រែន និងអាចកំពុងរៀបចំផែនការបង្កហេតុផ្នែកយោធាផងនោះ ប្រទេសហ្វាំងឡង់បានដកខ្លួនចេញពី «អនុសញ្ញាអូតាវ៉ា» (Ottawa Convention) កាលពីឆ្នាំមុន។

ប្រទេសអេស្តូនី ឡាតវី លីទុយអានី និង ប្រទេស ប៉ូឡូញ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន ក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដែរ ដោយលើកឡើងពីការគំរាមកំហែងដែលអាចកើតមានពីទីក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា លោកវរសេនីយ៍ឯក Riku Mikkonen មកពីបញ្ជាការដ្ឋានកងទ័ព បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ជាតិហ្វាំងឡង់ (STT) ថា មន្ត្រីពាក់ព័ន្ធកំពុងប្រមូលព័ត៌មានពីអ្នកផ្គត់ផ្គង់នានាជុំវិញកិច្ចព្រមព្រៀងនេះ។

ទីក្រុងហែលស៊ីនគី (ហ្វាំងឡង់) ចង់ឱ្យក្រុមហ៊ុនផលិតក្នុងស្រុកជាអ្នកផ្គត់ផ្គង់មីនទាំងនេះ ដោយរំពឹងថានឹងចុះកិច្ចសន្យានៅចុងឆ្នាំ ២០២៧ ហើយចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០២៨។

To Top