លោក ដូណាល់ ត្រាំ បើកចំហក្នុងការជួបប្រជុំត្រីភាគី ជាមួយលោក ស៊ី និងលោក ពូទីន នៅប្រទេសចិន ជុំវិញបញ្ហានុយក្លេអ៊ែរ
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកស្វាគមន៍ចំពោះកិច្ចពិភាក្សាត្រីភាគីស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ ទោះបីជាកាលបរិច្ឆេទ ឬទម្រង់នៃជំនួបនេះមិនទាន់ត្រូវបានឯកភាពគ្នាជាផ្លូវការនៅឡើយក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Kansas កាលពីថ្ងៃចន្ទ លោក ត្រាំ បានបញ្ជាក់ថា លោកបើកចំហរក្នុងការជួបប្រជុំត្រីភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅខែក្រោយ ដោយរបៀបវារៈសំខាន់ផ្តោតលើបញ្ហាអាវុធនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ថា៖ “យើងនឹងជួបគ្នាដើម្បីពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ចង់ឱ្យមានជំនួបនេះ ខ្ញុំក៏យល់ព្រមដូចគ្នា”។
លោក ត្រាំ បានបន្តថា សំណើកិច្ចប្រជុំនេះគឺជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ ដោយផ្សារភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនក្នុងខែវិច្ឆិកា។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងបីអាចនឹងជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសចិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា កិច្ចពិភាក្សាបែបនេះពិតជាមានប្រយោជន៍។ លោក ត្រាំ បានបន្ថែមដោយមិនបានបញ្ជាក់លម្អិតពីវិសាលភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថា៖ “ប្រសិនបើយើងអាចធ្វើការរំសាយអាវុធនុយក្លេអ៊ែរបាន ខ្ញុំនឹងបានសាងគុណបំណាច់យ៉ាងធំធេងដល់ពិភពលោក”។
នៅពេលត្រូវបានសួរថាតើលោកនឹងជួបលោក ស៊ី និងលោក ពូទីន ដោយគ្មានវត្តមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ដែរឬទេ លោក ត្រាំ បានឆ្លើយតបថា លោកនឹងជំរុញកិច្ចពិភាក្សា ប្រសិនបើវាអាចជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន។ លោកបានសង្កត់ធ្ងន់ថា៖ “អ្វីក៏ដោយដែលខ្ញុំអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាម ទោះបីជាមាននរណាម្នាក់នៅទីនោះឬអត់ក៏ដោយ ឱ្យតែអាចបញ្ចប់សង្គ្រាម ខ្ញុំនឹងធ្វើ”៕
ប្រែសម្រួល៖ គីរី
