លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា បានជួបបញ្ហាហូរឈាមក្នុងខួរក្បាល ឬបានស្លាប់
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងរូបថតថ្មីមួយចំនួន ដែលបង្ហាញពីសកម្មភាព របស់លោកកំពុងចុះពិនិត្យពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើង។ ការបង្ហាញខ្លួននេះបានកើតឡើង បន្ទាប់ពីមានការអះអាងដែលមិនទាន់បានផ្ទៀងផ្ទាត់បានរីករាលដាលនៅលើអ៊ីនធឺណិតថា លោកបានជួបបញ្ហាហូរឈាមក្នុងខួរក្បាល ធ្លាក់ចូលក្នុងសភាពសន្លប់ ឬបានស្លាប់បាត់ទៅហើយ។
យោងតាមសារព័ត៌មាន FirstPost ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា រូបថតទាំងនេះត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលជារបស់រដ្ឋកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ដោយបង្ហាញថា លោក គីម បានទៅទស្សនាពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើងថ្នាក់ជាតិឆ្នាំ ២០២៦ កាលពីថ្ងៃចន្ទ។ ក្នុងដំណើរទស្សនកិច្ចនោះ លោកមានវត្តមានរួមគ្នាជាមួយកូនស្រីឈ្មោះ គីម ជូអេ (Kim Ju Ae) និងភរិយាឈ្មោះ រី សូលជូ (Ri Sol Ju)។ រូបភាពទាំងនោះបង្ហាញពីសកម្មភាពរបស់លោកកំពុងពិនិត្យមើលផលិតផលនៅក្នុងពិព័រណ៍ និងសន្ទនាជាមួយមន្ត្រីនានា។
ការបង្ហាញខ្លួនជាសាធារណៈនេះ បានកើតឡើង បន្ទាប់ពីមានការសង្ស័យអំពីសុខភាពរបស់លោក គីម ដែលបានរីករាលដាលនៅលើបណ្តាញ សង្គមក្នុងអំឡុងចុងសប្តាហ៍កន្លងទៅនេះ ។ ការបង្ហោះមួយចំនួនបានអះអាងថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានជួបបញ្ហា ហូរឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដល់សន្លប់ និងត្រូវបានបញ្ជូនទៅទីក្រុងប៉េកាំង ដើម្បីទទួលការព្យាបាលបន្ទាន់។
ការបង្ហោះខ្លះទៀតក៏បានលើកឡើងជាសំណួរថា តើអ្នកណាអាចនឹងឡើងបន្តតំណែងពីលោក គីម ប្រសិនបើគាត់ពិតជាស្លាប់មែននោះ ដោយបានលើកឡើងពីឈ្មោះកូនស្រីរបស់គាត់ និងប្អូនស្រីដ៏មានឥទ្ធិពលរបស់គាត់ គឺអ្នកស្រី គីម យ៉ូជុង (Kim Yo Jong) ថាអាចជាបុគ្គលដែលអាចនឹងចូលមកកាន់តំណែងដឹកនាំនៅពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងអំពីសុខភាពរបស់គាត់ទាំងនោះ មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បានឡើយ។
ប្រែសម្រួលៈ តុលា
