ការប្រយុទ្ធគ្នានៅ ក្នុងប្រទេសយេម៉ែននៅតែបន្ត ខណៈដែលចក្រភពអង់គ្លេស គ្រោងនឹងជួយការពារអារ៉ាប៊ីសាអូឌីត
រីយ៉ាដ៖ ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី របស់យេម៉ែន និងកងកម្លាំងរដ្ឋាភិបាល បានបន្តកើតឡើង ខណៈដែលសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី បានបើកការវាយប្រហារគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ ចក្រភពអង់គ្លេស បានប្រកាសពីផែនការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីនោះ ដើម្បីជួយការពារប្រទេសអារ៉ាប៊ីសាអូឌីត។
កងកម្លាំងរដ្ឋាភិបាលយេម៉ែន បានឱ្យដឹងនៅថ្ងៃអង្គារថា ពួកគេបានធ្វើការវាយប្រហារចំនួន ៧៤៤ លើកទៅលើគោលដៅយោធារបស់ក្រុមហ៊ូធី នៅតាមសមរភូមិជាច្រើនកន្លែង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
លោក Majid Al-Nuzaili អ្នកនាំពាក្យកងកម្លាំងរដ្ឋាភិបាល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះរួមមានប្រតិបត្តិការតាមផ្លូវអាកាស និងផ្លូវគោក ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហ៊ូធី ទីតាំងបាញ់អាវុធ ចំណុចប្រមូលផ្តុំកងទ័ព កងកម្លាំងជំនួយ និងខ្សែបណ្តាញផ្គត់ផ្គង់។
លោក Al-Nuzaili បានលេីកឡេីងថា នៅក្នុងខេត្ត Taiz ភាគនិរតីប្រទេស កងកម្លាំងរដ្ឋាភិបាល បានបន្តប្រតិបត្តិការវាយលុក ដើម្បីរុញច្រានក្រុមហ៊ូធី ឱ្យដកថយ ខណៈដែលប្រតិបត្តិការក៏នៅតែបន្តកើតមាននៅតាមសមរភូមិភាគខាងកើត ភាគខាងត្បូង និងភាគខាងលិចផងដែរ។
លោកបានបញ្ជាក់ថា ប្រតិបត្តិការទាំងនេះបានសម្លាប់ក្រុមហ៊ូធីប្រហែល ២០០ នាក់ ហើយបានបំផ្លាញ ឬធ្វើឱ្យខូចខាតយានយន្តយោធា និងឧបករណ៍ផ្សេងៗចំនួន ៩០ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយប្រភពឯករាជ្យណាមួយបាននៅឡេីយទេ៕
ប្រែសម្រួល ឈូក បូរ៉ា
