ព័ត៌មានអន្តរជាតិ

BBC នឹងបិទប៉ុស្តិ៍ទូរទស្សន៍ និងវិទ្យុចំនួន២​ ដោយសារសម្ពាធលើការចំណាយ

ឡុងដ៍៖​ ស្ថាប័នព័ត៌មាន BBC បានរាយការណ៍ថា ខ្លួននឹងបិទប៉ុស្តិ៍ទូរទស្សន៍ BBC Three និង BBC Scotland នៅរដូវផ្ការីកខាងមុខ ខណៈដែលស្ថាប័ននេះ​ កំពុងបន្តអនុវត្តវិធានការសន្សំថវិកាឱ្យបានចំនួន ៥០០ លានផោន (ស្មើនឹង ៦៦៩ លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍នោះ សេវាកម្មទាំងពីរនេះ នឹងផ្លាស់ប្តូរទៅជាទម្រង់ ផ្សព្វផ្សាយតាមអនឡាញតែប៉ុណ្ណោះ។ នេះមានន័យថា ពួកគេនឹង នៅតែបន្តផលិត និងដាក់ផ្សាយមាតិកា មួយចំនួននៅលើវេទិកា iPlayer ដោយមិនចាំបាច់បំពេញ កាលវិភាគផ្សាយ​ សម្រាប់ទូរទស្សន៍ តាមប្រព័ន្ធអាកាស ទៀតឡើយ។

BBC ក៏បានប្រកាសផងដែរថា ខ្លួននឹងបិទស្ថានីយវិទ្យុ Radio 4 Extra ដែលភាគច្រើនផ្សាយកម្មវិធីប្រភេទនិយាយស្តី ពីបណ្ណសាររបស់ BBC រួមមាន កម្មវិធីកំប្លែង រឿងភាគ និងភាពយន្តឯកសារ។

លោក Matt Brittin អគ្គនាយករបស់ BBC បានថ្លែងថា ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង «សម្ពាធផ្នែកចំណាយដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់» ដោយលោកបានបន្ថែមថា «យើងទាំងអស់គ្នាដឹងហើយថា នេះមានន័យថាត្រូវធ្វើការសម្រេចចិត្តដ៏លំបាក»។

លោកស្រី Hayley Valentine នាយិកាស្ថានីយ BBC Scotland បានឧ្យដឹងថា ៖ «ក្នុងបរិបទដែលមានបញ្ហា ប្រឈមផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ យើងត្រូវផ្តោតធនធាន របស់យើងទៅលើចំណុចណា​ ដែលនឹងផ្តល់ផល ប៉ះពាល់ខ្លាំងបំផុត ដល់ទស្សនិកជន»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top