ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ បង្ហាញយុទ្ធសាស្ត្រថ្មី សម្រាប់តំបន់អាកទិក ខណៈភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយកំពុងកើនឡើង

ព្រុចសែល៖​ សហភាពអឺរ៉ុប បានបង្ហាញយុទ្ធសាស្ត្រថ្មីមួយសម្រាប់តំបន់អាកទិក កាលពីថ្ងៃអង្គារ ដោយមានគោលបំណងពង្រឹង សន្តិសុខ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅក្នុងតំបន់នេះ ស្របពេលដែលការប្រកួត ប្រជែងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង និងការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើង។

យុទ្ធសាស្ត្រនេះ ដែលត្រូវបានបង្ហាញ ដោយគណៈកម្មការអឺរ៉ុប និងប្រធានផ្នែកគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានកំណត់អាទិភាពចំនួនបួន រួមមាន៖ ការពង្រឹងសន្តិសុខ និងភាពធន់, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់វិបុលភាព និងការបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍នានានៅក្នុងតំបន់អាកទិក។

គណៈកម្មការអឺរ៉ុប​ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា តំបន់អាកទិកកំពុងឡើងកម្ដៅលឿន ជាងមធ្យមភាគសកលជិត ៤ ដង ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មូលដ្ឋាន។

ទន្ទឹមនឹងនេះ ផ្លូវដឹកជញ្ជូនតាមសមុទ្រថ្មីៗ និងធនធានដែលកាន់តែងាយ ស្រួលក្នុងការចូលទៅទាញយក កំពុងផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់នេះ ដែលនាំឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងសកម្មភាពយោធាកាន់តែខ្លាំងឡើង។

ក្រោមយុទ្ធសាស្ត្រថ្មីនេះ សហភាពអឺរ៉ុប​ បានឱ្យដឹងថា ខ្លួននឹងធ្វើការជាមួយរដ្ឋសមាជិក និងដៃគូនៅក្នុងតំបន់អាកទិក ដោយមានការសម្របសម្រួលជាមួយអង្គការណាតូ ដើម្បីបង្កើនការត្រៀមលក្ខណៈ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រឹងសមត្ថភាពរបស់អឺរ៉ុប ក្នុងការប្រតិបត្តិការនៅក្នុងលក្ខខណ្ឌនៃតំបន់អាកទិក រួមទាំងការពង្រីកសមត្ថភាព នៃនាវាបំបែកទឹកកក របស់អឺរ៉ុបផងដែរ។

លើសពីនេះ សហភាពអឺរ៉ុប​ ក៏មានគម្រោងបង្កើតអ្វីដែលហៅថា «មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រ»​ ដើម្បីជួយរដ្ឋសមាជិក និងដៃគូក្នុងការចែករំលែកព័ត៌មាន និងកែលម្អការ តាមដានសកម្មភាពដែន សមុទ្រនៅក្នុងតំបន់អាកទិក។

ជាជំហានដំបូង សហភាពអឺរ៉ុប​ នឹងគាំទ្រដល់ការបង្កើត «មជ្ឈមណ្ឌលខ្សែបណ្តាញក្រោមសមុទ្រតំបន់អាកទិក» ដើម្បីតាមដាន ការពារ និងជួយជួសជុលខ្សែបណ្តាញក្រោមសមុទ្រ នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង និងតំបន់អាកទិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top