នាយករដ្ឋមន្រ្តីអ៊ីតាលី អនុម័តច្បាប់ប្រឆាំងអំពើហិង្សា ក្នុងហ្វូងមនុស្សឱ្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានអំពើហិង្សា នៅទីក្រុងមីឡាន
បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីតាលីបានអនុម័តវិធានការសន្តិសុខជាច្រើន រួមទាំងការបង្កើតបទល្មើសថ្មីមួយគឺ «ការចូលរួមក្នុងបាតុកម្មដោយប្រើអំពើហិង្សា» ការដំឡើងទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបង្កចលាចល និងការកំណត់ឱ្យឪពុកម្តាយ ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ប្រសិនបើកូនៗរបស់ពួកគេបានចូលរួម ក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬការលួចប្លន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា វិធានការនេះធ្វើឡើងបន្ទាប់ពី មានភាពចលាចលកើតឡើងនៅតាមទីក្រុងនានាក្នុងភាគខាងជើងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ រួមទាំងទីក្រុងមីឡាន (Milan) ដែលជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុផងដែរ។ នៅទីនោះ ក្រុមយុវជនមួយចំនួន បានបង្កហិង្សាដោយវាយបំបែកបង្អួច លួចប្លន់នៅតាមហាងទំនិញ និងវាយប្រហារទៅលើប៉ូលិស។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានថ្លែងនៅលើបណ្តាញសង្គមក្នុងពេលប្រកាសអំពីក្រឹត្យនេះថា៖ «ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ មិនមែនជារឿងអ្វីដែលទាក់ទងនឹងការតស៊ូមតិ ឬបដិវត្តន៍នោះទេ។ សកម្មភាពទាំងនេះមិនមែនជាការតវ៉ាទេ ប៉ុន្តែវាគឺជាបទឧក្រិដ្ឋ»។
យោងតាមវិធានការថ្មីនេះ ដែលមានប្រសិទ្ធភាពអនុវត្តភ្លាមៗ អ្នកណាក៏ដោយដែលចូលរួមក្នុងក្រុមដែលមានគ្នាចាប់ពី ៥ នាក់ឡើងទៅ ហើយបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាពសាធារណៈក្នុងអំឡុងពេលតវ៉ា នឹងត្រូវប្រឈមមុខនឹងទោស ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២០.០០០ អឺរ៉ូ (ស្មើនឹង ២២.៤៦០ ដុល្លារអាមេរិក)។
ទោសទណ្ឌនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើជនទាំងនោះបិទបាំងមុខមាត់ ឬមានមនុស្សរងរបួស។
ប្រែសម្រួលៈ តុលា
