បារាំង បញ្ជូនកងទ័ពប្រឆាំងភេរវកម្ម ទៅទប់ស្កាត់អំពើកុបកម្ម ដែលគ្រោងនឹងធ្វើឡើងថែមទៀតនៅទូទាំងប្រទេស
បរទេស៖ ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងយោធាដែលជំនាញខាងប្រឆាំងអំពើភេរវកម្ម ដើម្បីជួយគាំទ្រដល់កងកម្លាំងប៉ូលិស ក្នុងអំឡុងពេលនៃការតវ៉ាថ្មីមួយ ដែលគ្រោងនឹងធ្វើឡើងនៅទូទាំងប្រទេស ។ វិធានការនេះធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលកំពុងរៀបចំប្រតិបត្តិការ សន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបានកើតមានហេតុការណ៍ កុបកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានប្រកាសអំពីចំណាត់ការនេះកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា ទាហានមកពី «ប្រតិបត្តិការ Sentinelle» ដែលត្រូវបានបង្កើតឡើងដើម្បីការពារប្រទេសបារាំងពីការវាយប្រហារភេរវកម្ម នឹងត្រូវដាក់ពង្រាយមុនពេលការតវ៉ាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍។
កងកម្លាំងយោធាទាំងនេះនឹងទទួលភារកិច្ចការពារទីតាំងសំខាន់ៗ និងរសើបនានា ដើម្បីទុកលទ្ធភាពឱ្យប៉ូលិស និងកងកម្លាំងសន្តិសុខផ្សេងទៀត អាចផ្តោតលើការទប់ទល់នឹងក្រុមអ្នកបង្កកុបកម្ម និងការពារកុំឱ្យមានការកើតឡើងវិញនូវអំពើហិង្សា និងការលួចប្លន់ទ្រង់ទ្រាយធំដូចដែលបានកើតឡើងកាលពីចុងសប្តាហ៍មុន។ យោងតាមកាសែតបារាំង Le Journal du Dimanche បានឱ្យដឹងថា នឹងមានកងកម្លាំងយោធាចំនួន ១.០០០ នាក់ត្រៀមខ្លួននៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី ២៤ ខែតុលា ដោយក្នុងនោះមាន ៥០០ នាក់នឹងធ្វើការល្បាត (ធៀបនឹងចំនួនធម្មតាដែលមានតែ ៣០០ នាក់ប៉ុណ្ណោះ)។
ប្រតិបត្តិការ Sentinelle ត្រូវបានបង្កើតឡើងបន្ទាប់ពីហេតុការណ៍ វាយប្រហារភេរវកម្មដ៏សាហាវលើការិយាល័យសារព័ត៌មាន Charlie Hebdo កាលពីខែមករា ឆ្នាំ ២០១៥ ។ បេសកកម្មយោធានេះរួមមានទាហានរហូតដល់ ១០.០០០ នាក់ ដែលត្រូវបានចាត់តាំងឱ្យការពារ ទីតាំងសំខាន់ៗនៅទូទាំងប្រទេសបារាំង រួមមានស្ថានីយរថភ្លើង អាកាសយានដ្ឋាន អគារសាសនា និងតំបន់ទេសចរណ៍នានា។
