តម្លៃប្រេងនៅក្នុងប្រទេស អាល្លឺម៉ង់កើនឡើងយ៉ាងខ្លាំង ដោយតម្លៃសាំង និងប្រេងម៉ាស៊ូតបានកើនឡើងជិត ៤៩%
បរទេស៖ យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា តម្លៃផលិតផលប្រេងនៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងយ៉ាងខ្លាំង ដោយតម្លៃសាំង និងប្រេងម៉ាស៊ូតបានកើនឡើងជិត ៤៩% ហើយតម្លៃប្រេងសម្រាប់កម្ដៅ (heating oil) បានកើនឡើងជិតទ្វេដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា ការកើនឡើងនេះកើតឡើង នៅពេលដែលប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេនៅអឺរ៉ុបមួយនេះ នៅតែបន្តជួបប្រទះ ផលប៉ះពាល់ពីការកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០២២ ហើយបច្ចុប្បន្នស្ថានការណ៍ កាន់តែស្មុគស្មាញថែមទៀត ដោយសារជម្លោះរវាងអ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានរាយការណ៍កាលពីថ្ងៃអង្គារថា តម្លៃផលិតផលប្រេងដែលបានចម្រាញ់រួច បានកើនឡើង ៥១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ក្នុងខែកញ្ញា) និងកើនឡើង ៨,២% បើធៀបនឹងខែសីហា។ ក្នុងនោះ តម្លៃប្រេងសម្រាប់កម្ដៅបានកើនឡើង ៩១,៨%, ប្រេងឥន្ធនៈសម្រាប់យានយន្តកើនឡើង ៤៨,៦%។
តួលេខទាំងនេះគឺជាតម្លៃនៅកម្រិតអ្នកផលិត (producer prices) មិនមែនជាតម្លៃដែលអ្នកប្រើប្រាស់ត្រូវបង់នៅតាមស្ថានីយប្រេងឥន្ធនៈនោះទេ។
ផលប៉ះពាល់នេះបានរាលដាលពាសពេញវិស័យថាមពល។ តម្លៃថាមពលនៅកម្រិតអ្នកផលិតបានកើនឡើង ១៤,៩% បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះថ្លៃចែកចាយឧស្ម័នធម្មជាតិបានកើនឡើង ១៥% និងថ្លៃអគ្គិសនីបានកើនឡើង ៨,២%។
