ព័ត៌មានអន្តរជាតិ

លោក ពូទីន ទទួលជួបបេសកជន របស់លោក ត្រាំ ជុំវិញកិច្ចចរចាសន្តិភាពអ៊ុយក្រែន និងដោះលែងពលរដ្ឋអាមេរិកម្នាក់

បរទេស៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិ Reuters ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានទទួលជួបពិភាក្សាការងារជាមួយបេសកជន ពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០២២ ទុកជាការបង្ហាញនូវសុច្ឆន្ទៈផ្នែកការទូតផងដែរ។ លោក ពូទីន បានទទួលជួបលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ នៅទីក្រុង St. Petersburg ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង និងស្វែងរកលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពត្រីភាគី…

បរទេស៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិ Reuters ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានទទួលជួបពិភាក្សាការងារជាមួយបេសកជន ពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០២២ ទុកជាការបង្ហាញនូវសុច្ឆន្ទៈផ្នែកការទូតផងដែរ។

លោក ពូទីន បានទទួលជួបលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ នៅទីក្រុង St. Petersburg ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង និងស្វែងរកលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពត្រីភាគី សំដៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងដំណើរទស្សនកិច្ចរបស់បេសកជនអាមេរិករូបនេះ រុស្ស៊ីបានសម្រេចដោះលែងលោក Stephen Hubbard វ័យ ៧៤ឆ្នាំ។ លោក Hubbard ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ឃុំខ្លួនតាំងពីជាង ៤ឆ្នាំមុន និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិត ៧ឆ្នាំ នៅក្នុងសវនាការបិទទ្វារមួយ ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពជាទាហានស៊ីឈ្នួល (Mercenary Activity)។

លោក ដូណាល់ ត្រាំ បានធ្វើការអបអរសាទរជាសាធារណៈចំពោះការដោះលែងនេះ នៅសេតវិមាន ដោយបញ្ជាក់ថា លោក Hubbard កំពុងស្ថិតនៅលើជើងហោះហើរត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ជាមួយនឹងក្រុមគ្រួសារ និងលោក Witkoff។ លោក ត្រាំ បានហៅលោក Hubbard ថាជា "បុរសដ៏ល្អម្នាក់ និងគ្មានកំហុស" ព្រមទាំងបានបញ្ជាក់ថា លោកបាននិយាយទូរស័ព្ទផ្ទាល់ជាមួយគាត់ដែលកំពុងពោរពេញដោយក្តីរំភើបរីករាយបំផុត។

ការដោះលែងនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាកាយវិការនយោបាយដើម្បីបង្ហាញសុច្ឆន្ទៈទៅកាន់រដ្ឋបាលលោក ត្រាំ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចរចា។ ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់អ៊ុយក្រែន ក្នុងការបង្កកសង្គ្រាមត្រឹមខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន ដែលជាសំណើដើមរបស់លោក ត្រាំ ទោះបីជារុស្ស៊ីធ្លាប់បានច្រានចោលសំណើនេះកាលពីមួយឆ្នាំមុនក៏ដោយ។
​
ព្រឹត្តិការណ៍នេះបង្ហាញពីការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលរបស់រដ្ឋបាលលោក ត្រាំ។ ការទទួលបានសេរីភាពរបស់លោក Hubbard មិនត្រឹមតែជាជោគជ័យនៃការជួយសង្គ្រោះពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថាជាកាតាលីករ (Catalyst) បើកផ្លូវឆ្ពោះទៅរកការចរចាដ៏ស្មុគស្មាញ ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅអឺរ៉ុបខាងកើតផងដែរ។

ប្រែសម្រួល៖ គីរី

To Top