លោកស្រី Kim Yo Jong ព្រមានកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង ត្រៀមដាក់ពង្រាយឧគ្ឃោសនសព្ទ តាមព្រំដែន ក្នុងប៉ុន្មានថ្ងៃខាងមុខ
បរទេស៖ លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង នឹងដាក់ពង្រាយឧគ្ឃោសនសព្ទ (មេក្រូ) ឃោសនាប្រឆាំងកូរ៉េខាងត្បូង ឱ្យស្ថិតក្នុងស្ថានភាពត្រៀម ខ្លួនជាស្រេចនៅតាមបណ្តោយព្រំដែនទាំងមូលក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រមទាំងបានដាក់ចេញនូវវិធានការតបតថ្មីៗជាច្រើនទៀតផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងអមដោយការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ទីក្រុងសេអ៊ូល អំពីទិដ្ឋភាពនៃ “ស្ថានភាពដ៏អាក្រក់ និងគួរឱ្យរន្ធត់បំផុត” ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តសកម្មភាពដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
បន្ទាប់ពីបានចុះពិនិត្យទីតាំងបន្ទាយយោធាជាមួយមន្ត្រីជាន់ខ្ពស់កាលពីល្ងាចថ្ងៃពុធ លោកស្រី Kim បានបញ្ជាក់ថា ឧគ្ឃោសនសព្ទឆ្លងដែនទាំងនោះនឹងត្រូវបើកដំណើរការនៅចុងខែតុលានេះ។ លោកស្រីបានបន្ថែមថា កងកម្លាំងតាក់ទិកកូរ៉េខាងជើងបានចូលប្រចាំការនៅទីតាំងថ្មី និងបានចោទប្រកាន់កងទ័ពកូរ៉េខាងត្បូងថា បានចាក់ផ្សាយសារព្រមាន និងបាញ់ព្រមាននៅតាមទីតាំងជាច្រើនក្បែរព្រំដែន។
កូរ៉េខាងត្បូងបានអះអាងថា ការបាញ់ព្រមានរបស់ខ្លួន គឺជា “វិធានការការពារស្របច្បាប់”។ ជាការឆ្លើយតប លោកស្រី Kim បានព្រមានយ៉ាងដាច់អហង្ការថា កងទ័ពកូរ៉េខាងជើងនឹង “កម្ចាត់ចោលដោយគ្មានក្តីមេត្តា” នូវកងកម្លាំងកូរ៉េខាងត្បូង ប្រសិនបើការបាញ់ព្រមាននោះបង្កគ្រោះថ្នាក់ដល់ទឹកដី ឬកងទ័ពរបស់ខ្លួន។
ការគំរាមកំហែងនេះបាន gi ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងការកាត់បន្ថយភាពជាសត្រូវរវាងកូរ៉េទាំងពីរ និងបានរុញច្រានភាពតានតឹងនៅតាមព្រំដែនឱ្យឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំមុន។
ជាប្រវត្តិសាស្ត្រ កូរ៉េទាំងពីរតែងតែប្រើប្រាស់ឧគ្ឃោសនសព្ទដើម្បីចាក់ផ្សាយសារឃោសនាឆ្លងដែន ខណៈការចាក់ផ្សាយរបស់កូរ៉េខាងត្បូង (រួមមានតន្ត្រី K-pop និងព័ត៌មានអន្តរជាតិ) តែងតែធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹងសម្បារ និងឈានដល់ការសងសឹកគ្នាទៅវិញទៅមក។
ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ត្រូវបានបញ្ចប់ ដោយបទឈប់បាញ់ ប្រទេសទាំងពីរត្រូវបានខណ្ឌ ចែកដោយតំបន់គ្មានកងទ័ព (DMZ)។ ចាប់តាំងពីឆ្នាំ២០២៤ មក កូរ៉េខាងជើងបានពង្រឹងព្រំដែនរបស់ខ្លួនកាន់តែខ្លាំង ដោយបង្កប់មីន របាំង និងរបង ដើម្បីបង្កើតអ្វីដែលខ្លួនហៅថាជា “ព្រំដែនអចិន្ត្រៃយ៍”។ កាលពីខែមុន កូរ៉េខាងត្បូងអះអាងថា គ្រាប់មីនដែលកូរ៉េខាងជើងបង្កប់ក្នុងតំបន់ DMZ បានផ្ទុះធ្វើឱ្យទាហានរបស់ខ្លួន២នាក់រងរបួសធ្ងន់ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ ដោយហៅការចោទប្រកាន់នេះថាគ្រាន់តែជាការប្រឌិតប៉ុណ្ណោះ។
ប្រែសម្រួល៖ គីរី
