ការលេចធ្លាយសារធាតុគីមី ពីធុងស្តុកមួយ បណ្តាលឱ្យមានការជម្លៀស ប្រជាជននៅក្នុងរដ្ឋ Ohio
ញូវយ៉ក៖ ធុងស្តុកសារធាតុគីមីមួយ បានលេចធ្លាយកាលពីយប់ថ្ងៃអង្គារ នៅទីក្រុង Toledo រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយបានបញ្ចេញឧស្ម័នពុលឈ្មោះ Glycidyl Methacrylate ទៅក្នុងបរិយាកាស។ ហេតុការណ៍នេះបានបង្ខំឱ្យប្រជាជនជិត ១,០០០ នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន ហើយប្រជាជនជាង ៥០,០០០ នាក់ផ្សេងទៀត ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ (មិនត្រូវចេញទៅក្រៅ)។
លោក Wade Kapszukiewicz អភិបាលក្រុង Toledo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ការលេចធ្លាយសារធាតុគីមី ពីធុងដែលមានចំណុះ ៥,៥០០ ហ្គាឡុងនេះ បានកើតឡើងដោយសារកំហុសក្នុងអំឡុងពេលផ្ទេរសារធាតុគីមី។
លោកបានបន្ថែមថា អាជ្ញាធរកំពុងរង់ចាំឱ្យសារធាតុគីមីនោះហួតចេញពីធុងដោយខ្លួនឯង ជាជាងការប៉ុនប៉ង «បញ្ឈប់ការលេចធ្លាយដោយផ្ទាល់» ដែលអាចបង្កហានិភ័យនៃការផ្ទុះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយមានអាការៈស្រាលៗ ដូចជា រលាកភ្នែក ឬរលាកបំពង់ក។ លើសពីនេះ មន្ត្រីអនុវត្តច្បាប់ម្នាក់ ក៏បានទទួលការព្យាបាលផងដែរ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន ហើយសាលារៀននានាក៏ត្រូវបានបិទ។
អង្គភាពពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៃទីក្រុង Toledo បានកាត់បន្ថយតំបន់ជម្លៀសឱ្យនៅសល់ត្រឹមរង្វង់កាំកន្លះម៉ាយ (ប្រហែល ០.៨ គីឡូម៉ែត្រ) និងបានលុបចោលបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះហើយ។
សារធាតុ Glycidyl Methacrylate គឺជាសារធាតុគីមី ឧស្សាហកម្ម ដែលអាចឆេះបាន ដែលត្រូវបានប្រើប្រាស់ សម្រាប់លាបការពារផ្ទៃវត្ថុ និងជាសារធាតុបន្ថែមក្នុងផលិតកម្មប្លាស្ទិក។
សារធាតុនេះត្រូវបានរក្សាទុក ក្នុងទម្រង់ជារាវ ប៉ុន្តែនឹងប្រែទៅជាឧស្ម័ននៅពេលបញ្ចេញទៅក្នុងបរិយាកាស ហើយវាអាចបង្កឱ្យមានការរលាក ឬរមាស់ដល់ស្បែក ភ្នែក និងបំពង់ក៕
ប្រែសម្រួល ឈូក បូរ៉ា
