ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិកថា ការផ្តល់សិទ្ធិប្រើប្រាស់ផ្កាយរណប Starlink នៅអ៊ុយក្រែន គឺជាការសម្រេចចិត្តរបស់លោក Musk មិនមែនជាការសម្រេចរបស់សេតវិមាននោះទេ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃពុធថា ការសម្រេចចិត្តពាក់ព័ន្ធនឹងការ ប្រើប្រាស់សេវាកម្មផ្កាយរណប Starlink របស់អ៊ុយក្រែន គឺស្ថិតនៅលើក្រុមហ៊ុនមេ SpaceX និងលោក Elon Musk មិនមែនស្ថិតនៅលើសេតវិមាន នោះទេ។ ការលើកឡើងនេះបានបង្ហាញថា លោក Musk អាចនឹងបានដាក់កម្រិតលើលទ្ធភាពរបស់ទីក្រុងគៀវ ក្នុងការប្រើប្រាស់សេវាកម្មនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Musk បានបញ្ជាឱ្យបន្ថយល្បឿននៃសេវាកម្ម Starshield ដែលជាកំណែសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា របស់ Starlink ហើយអ៊ុយក្រែនកំពុងពឹងផ្អែកលើសេវាកម្មនេះ ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសរុស្ស៊ី។

កាសែតនេះបានដកស្រង់សម្តីបុគ្គលម្នាក់ដែលនិយាយថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX, ប្រធានាធិបតី Donald Trump និងមន្ត្រីសេតវិមាន បានពិភាក្សាគ្នាអំពីបញ្ហានេះជាមុន។ លើសពីនេះ មានប្រភពពីរនាក់ទៀតបានលើកឡើងថា លោក Musk និងប្រធានាធិបតីអាមេរិក បានពិភាក្សាគ្នាអំពីបញ្ហានេះនៅប៉ុន្មានថ្ងៃបន្ទាប់ពីមានការបន្ថយល្បឿនសេវាកម្មនោះ។

លោក Rubio បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាថា «ខ្ញុំមិនបានដឹងទេថា តើយើងបានដឹងអំពីការសម្រេចចិត្តនេះជាមុនឬអត់នោះទេ ប៉ុន្តែរឿងនោះមិនសំខាន់ទេ។»

លោកបានបន្ថែមថា «ចំណុចសំខាន់គឺថា រឿងនេះត្រូវបានគ្រប់គ្រងដោយកិច្ចសន្យាពាណិជ្ជកម្មឯកជនមួយ ដែលកំណត់អំពីរបៀបនៃការប្រើប្រាស់ឧបករណ៍របស់ពួកគេ និងកម្រិតល្បឿនដែលពួកគេអនុញ្ញាតឱ្យប្រើប្រាស់»៕
ប្រែសម្រួលៈ តុលា

To Top