ព័ត៌មានអន្តរជាតិ

សារព័ត៌មាន NBC ផ្សាយថា សហរដ្ឋអាមេរិកជម្លៀសមូលដ្ឋានទ័ព របស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា ខណៈលោក ត្រាំ ពិចារណាលើការវាយប្រហារថ្មី ប្រឆាំងនឹងអ៊ីរ៉ង់

បរទេស៖ យោធាអាមេរិកបានចាប់ផ្តើមដកកងទ័ពចេញពីមូលដ្ឋានទ័ព នានាទូទាំងមជ្ឈិមបូព៌ាដោយស្ងាត់ៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជាឱ្យបុគ្គលិកការទូតចាកចេញ ពីបេសកកម្មជាច្រើននៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ NBC News។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា សកម្មភាពទាំងនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ហើយការដកទ័ពនេះស្រដៀងនឹងការរៀបចំដែលធ្វើឡើងដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស មុនការវាយប្រហារលើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងខែកុម្ភៈ, នេះបើយោងតាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប និងមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ។

យោងតាមរបាយការណ៍ គឺកងទ័ពអាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី កាតា និងប្រទេសគុយវ៉ែត ស្ថិតក្នុងចំណោមកងទ័ព ដែលត្រូវបានផ្លាស់ប្តូរទីតាំង។ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា មានបំណងរក្សាវត្តមានមានកំណត់នៅមូលដ្ឋានទ័ពក្នុងតំបន់របស់ខ្លួន រួមទាំងបុគ្គលិកដែលទទួលខុសត្រូវចំពោះការការពារដែនអាកាស និងសន្តិសុខ។

មុនការវាយប្រហារនៅថ្ងៃទី ២៨ ខែកុម្ភៈ មន្ទីរបញ្ចកោណបានដកកងទ័ពមួយចំនួនធំចេញពីមូលដ្ឋានទ័ពដែលអាចងាយរងគ្រោះ ដើម្បីការពារពួកគេពីការសងសឹករបស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានចោទទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ប្រជាជននៅឈូងសមុទ្រជា “ខែលមនុស្ស” បន្ទាប់ពីសមាជិកសេវាកម្មអាមេរិករាប់ពាន់នាក់បានជ្រកកោននៅក្នុងសណ្ឋាគារស៊ីវិល និងអគារការិយាល័យ។
ប្រែសម្រួលៈ តុលា

To Top