ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ជាឱ្យអ្នកការទូតចាកចេញពីប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងគ្រាដែលភាពតានតឹង កំពុងកើនឡើង

បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការវាយប្រហារបន្ថែមទៀត ដោយក្រុមហ៊ូទី (Houthis) នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជា ឱ្យមន្ត្រីការទូតមួយចំនួន និងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីស្ថានបេសកកម្មការទូតអាមេរិកនៅក្នុងប្រទេសនេះ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូន បានកើនឡើង ១,២៩ ដុល្លារ ឬ ១,២% ដល់ ១១០,១១ ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ក៏បានកើនឡើង ៩៧ សេន ឬ ១% ដល់ ៩៨,១២ ដុល្លារ។ កាលពីថ្ងៃពុធ តម្លៃប្រេង Brent ស្ទើរតែមិនមានការប្រែប្រួល ខណៈដែលតម្លៃប្រេង WTI បានធ្លាក់ចុះ ៦៧ សេន។

មន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកមានគម្រោងដកសមាជិកគ្រួសាររបស់មន្ត្រីខ្លួន ចេញពីស្ថានបេសកកម្មការទូតអាមេរិកមួយចំនួនទៀតនៅក្នុងតំបន់នេះ។

កាលពីថ្ងៃពុធ ក្រុមហ៊ូទីនៅយេម៉ែន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានវាយប្រហារគោលដៅជាច្រើន។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៨ នាក់ទៀតរងរបួស នៅឯព្រលានយន្តហោះស៊ីវិលមួយក្នុងទីក្រុង Dammam ហើយមនុស្ស ២ នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ទៅលើតំបន់ប្រេងមួយកន្លែងរបស់អារ៉ាប៊ីសាអូឌីត។
ប្រែសម្រួលៈ តុលា

To Top