ព័ត៌មានអន្តរជាតិ

ការជូនដំណឹងពីការគំរាមកំហែងនៃយន្តហោះគ្មានមនុស្សបើក កើតឡើងនៅពេលដែលបេសកជនអាមេរិកមកដល់ទឹកដីរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន

បរទេស៖ គេបានប្រកាសអំពីការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក (drone) នៅភាគខាងត្បូងនៃទីក្រុង St. Petersburg ភ្លាមៗបន្ទាប់ពីលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានមកដល់ទីក្រុងនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីជម្លោះនៅអ៊ុយក្រែន។ ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើទីក្រុងនេះ និងតំបន់ជុំវិញ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា លោក Witkoff បានមកដល់អាកាសយានដ្ឋាន Pulkovo កាលពីព្រឹកថ្ងៃពុធ។ ក្រុមរថយន្តរបស់លោកបានធ្វើដំណើរឆ្ពោះទៅកាន់វិមាន Constantine Palace ដែលស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង St. Petersburg។

ភ្លាមៗបន្ទាប់ពីការមកដល់នេះ លោក Alexander Drozdenko អភិបាលតំបន់ Leningrad បានប្រកាសអំពីការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក នៅក្នុងដែនអាកាសលើស្រុក Luga ដែលស្ថិតនៅចម្ងាយប្រហែល ១២៥ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីតាំងជួបពិភាក្សានោះ។ លោកអភិបាលតំបន់បានព្រមានថា ល្បឿនអ៊ីនធឺណិតតាមទូរសព្ទដៃអាចនឹងថយចុះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីចំនួន ទីតាំងពិតប្រាកដ ឬទិសដៅរបស់យន្តហោះគ្មានមនុស្សបើកទាំងនោះឡើយ ហើយក៏មិនមានសេចក្តីរាយការណ៍អំពីការស្ទាក់ចាប់យន្តហោះទាំងនោះដែរ។

អាជ្ញាធរគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី ក៏បានដាក់ចេញនូវការរឹតត្បិតបណ្តោះអាសន្នលើដែនអាកាសជុំវិញអាកាសយានដ្ឋាន Pulkovo ដោយលើកហេតុផលថា ដើម្បីសុវត្ថិភាពនៃការហោះហើរ។ អាកាសយានដ្ឋាននេះគឺជាកន្លែងដែលយន្តហោះរបស់លោក Witkoff បានចុះចត បន្ទាប់ពីធ្វើដំណើរមកពីទីក្រុង Oslo ជាទីដែលលោកបានជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky និងមន្ត្រីអឺរ៉ុបមួយចំនួន កាលពីថ្ងៃអង្គារ។
ប្រែសម្រួលៈ តុលា

To Top