យន្តហោះចម្បាំងអ៊ីស្រាអែល ជាច្រើនគ្រឿងត្រូវបានគេសង្ស័យថា បានហោះចូលទៅជិតប្រទេសអ៊ីរ៉ង់ បំណងរុញឱ្យប្រព័ន្ធការពារដែន អាកាសរបស់អ៊ីរ៉ង់ បើកការបាញ់ប្រហារ
បរទេស៖ យោងតាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿងបានធ្វើដឹកនាំការហោះហើរនៅពេលយប់ក្បែរព្រំដែនអ៊ីរ៉ង់ ដែលជាសកម្មភាពមួយអាចបង្កឱ្យជម្លោះផ្ទុះឡើងវិញ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា លោក Trey Yingst និពន្ធនាយកនៃសារព័ត៌មាន Fox News បាននិយាយកាលពីថ្ងៃទី ២០ ខែតុលាថា យន្តហោះចម្បាំងអ៊ីស្រាអែលបាន «ហោះឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ដែនអាកាសនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
គណនី X មួយឈ្មោះ AMK Mapping ដែលជំនាញខាងតាមដានទិន្នន័យស៊ើបការណ៍ពីប្រភពបើកចំហ (open-source intelligence) ពាក់ព័ន្ធនឹងសង្គ្រាម បានរាយការណ៍នៅថ្ងៃដដែលនោះថា «ប្រភពមួយចំនួននៅភាគខាងលិចប្រទេសអ៊ីរ៉ង់ បានឮសំឡេងយន្តហោះចម្បាំងពី ២០ ទៅ ៣០ គ្រឿងហោះទាបៗនៅជិតព្រំដែនអ៊ីរ៉ាក់ ប៉ុន្តែមិនច្បាស់ទេថា តើទាំងនេះជាយន្តហោះចម្បាំងរបស់អ៊ីរ៉ង់ ឬអ៊ីស្រាអែលនោះឡើយ»។
ប្រទេសអ៊ីរ៉ង់ក៏បានដាក់ពង្រាយយន្តហោះចម្បាំងជាច្រើនគ្រឿង រួមមានប្រភេទ MiG-29, Kowsar និង F-5 ដើម្បីល្បាតនៅតំបន់ភាគខាងលិចនៃប្រទេសផងដែរ។
មន្ត្រីអាមេរិក និងអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Axios ថា យន្តហោះចម្បាំងអ៊ីស្រាអែលរាប់សិបគ្រឿងបានចូលរួមក្នុងសមយុទ្ធមួយនៅចម្ងាយជិត ១.៣០០ គីឡូម៉ែត្រពីប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ១៩ ខែតុលា ដោយមានការគាំទ្រពីយន្តហោះចាក់ប្រេងលើអាកាសមួយចំនួន។
ប្រែសម្រួលៈ តុលា
