IMF លើកឡើងពីសក្តានុពល នៃកំណើនសេដ្ឋកិច្ច ដែលជំរុញ ដោយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល
ឌូបៃ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការទទួលយក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) អាចជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ឱ្យកើនឡើងពី ០,១ ទៅ ០,៦ ភាគរយ ក្នុងរយៈពេលមធ្យម។
កម្រិតនៃកំណើននេះ គឺអាស្រ័យទៅលើកម្រិតនៃការត្រៀមខ្លួនផ្នែកឌីជីថលរបស់ប្រទេសនីមួយៗ និងសមត្ថភាពរបស់ពួកគេក្នុងការដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងសកម្មភាពផលិតកម្ម។
ការវាយតម្លៃនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រៀបចំឡើងដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) និង IMF នៅទីក្រុងឌូបៃ ដោយបានលើកយកលទ្ធផលសំខាន់ៗចេញពីរបាយការណ៍ស្តីពី «ទស្សនវិស័យសេដ្ឋកិច្ចតំបន់សម្រាប់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល» ប្រចាំខែតុលារបស់ IMF មកបង្ហាញ។
របាយការណ៍នេះបានបញ្ជាក់ថា ការប្រើប្រាស់ AI ផ្តល់ឱកាសពិសេសមួយ សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ក្នុងការបង្កើនផលិតភាព និងពង្រឹងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។
របាយការណ៍ដដែលបានបន្ថែមថា ប្រទេសមួយចំនួននៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមទាំងប្រទេសអារ៉ាប់រួម កំពុងធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌល AI ដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ។
IMF បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសអារ៉ាប់រួម ក្នុងឆ្នាំ ២០២៧ ដល់កម្រិត ៧,៧ ភាគរយ ដែលកើនឡើង ២,៤ ភាគរយ បើធៀបនឹងការព្យាករណ៍កាលពីខែមេសា។ ក្នុងនោះ ការវិនិយោគលើវិស័យ AI ត្រូវបានគេប៉ាន់ប្រមាណថា នឹងជួយបន្ថែមប្រហែល ០,៥ ភាគរយ ទៅលើកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
