ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង អំពាវនាវឱ្យបញ្ឈប់ការធ្វើបាតុកម្ម នានាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹងថា រដ្ឋាភិបាលស្នើកុំឱ្យមានការធ្វើបាតុកម្ម នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅថ្ងៃសៅរ៍។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ លោក ម៉ាក្រុង បានឧ្យដឹងថា រដ្ឋាភិបាលមានបំណងហាមឃាត់ សំណើសុំរៀបចំការជួបជុំនានាពីសំណាក់បុគ្គលដែល «គ្មានសិទ្ធិស្របច្បាប់ក្នុងការធ្វើបែបនេះ»។ លោកបានបន្ថែមថា ចំពោះការដើរក្បួនរបស់សហជីព​ ដែលបានជូនដំណឹងជាផ្លូវការទៅកាន់អាជ្ញាធរមូលដ្ឋាន នឹងមានការស្នើផ្លូវដើរជំនួស ដើម្បីការពារតំបន់កណ្តាលទីក្រុង។

បណ្តាញទូរទស្សន៍បារាំង BFM TV បានរាយការណ៍ថា អាជ្ញាធរប្រចាំខេត្ត Rhone បានហាមឃាត់រាល់ការធ្វើ បាតុកម្មទាំងអស់នៅក្នុងទីក្រុង Lyon សម្រាប់ថ្ងៃសៅរ៍។

BFM TV ក៏បានរាយការណ៍ផងដែរថា នៅទីក្រុង Marseille អាជ្ញាធរប្រចាំខេត្ត Bouches-du-Rhone បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើបាតុកម្មទាំងអស់នៅទូទាំងខេត្តនោះ​ សម្រាប់ថ្ងៃសៅរ៍ ដោយមិនគិតថាការជួបជុំទាំងនោះត្រូវបានជូនដំណឹងដល់អាជ្ញាធរជាផ្លូវការឬអត់នោះទេ។

វិធានការហាមឃាត់ការចេញក្រៅនៅពេលយប់ នៅក្នុងខេត្តនេះ ក៏ត្រូវបានកែសម្រួលផងដែរ ដោយកំណត់ចាប់ពីម៉ោង ១១ យប់ រហូតដល់ម៉ោង ៥ ព្រឹក សម្រាប់យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ និងយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ។ វិធានការនេះនឹងអនុវត្តចំពោះទាំងមនុស្សពេញវ័យ និងអនីតិជន ចាប់ពីយប់ថ្ងៃសៅរ៍តទៅ។

របាយការណ៍ដដែលបានបញ្ជាក់ថា រាល់សេវាដឹកជញ្ជូនសាធារណៈនៅទូទាំងតំបន់ទីក្រុង Marseille នឹងត្រូវផ្អាកដំណើរការ ចាប់ពីម៉ោង ៥ ព្រឹក ថ្ងៃសៅរ៍ រហូតដល់ម៉ោង ៥ ព្រឹក ថ្ងៃអាទិត្យ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top