ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង​ រិះគន់មេដឹកនាំបរទេសមួយចំនួន ដែលឆ្លៀតយកភាពចលាចល ក្នុងប្រទេសបារាំង ទៅប្រើប្រាស់​ដេីម្បីប្រជាប្រិយភាព ក្នុងយុទ្ធនាការឃោសនា នយោបាយរបស់ខ្លួន

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានរិះគន់មេដឹកនាំបរទេសមួយចំនួន ដែលបានឆ្លៀតយកភាពចលាចលនៅក្នុងប្រទេសបារាំង ទៅប្រើប្រាស់​ ដើម្បីជំរុញយុទ្ធនាការនយោបាយរបស់ពួកគេ។

លោកបានច្រានចោលការលើកឡើងរបស់មេដឹកនាំទាំងនោះ ដោយចាត់ទុកថាជាអ្វីមួយដែល «មិនអាចទទួលយកបាន និងល្ងង់ខ្លៅ»។

ការលើកឡើងរបស់លោក ម៉ាក្រុង ត្រូវបានគេយល់ថា សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដោយមានការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងទីក្រុងជាច្រើន។ តួលេខផ្លូវការបង្ហាញថា ហាងលក់ទំនិញយ៉ាងហោចណាស់ ៣.០០០ កន្លែង នៅទូទាំងប្រទេស ត្រូវបានខូចខាត ឬត្រូវគេលួចយកទំនិញ។

លោក ម៉ាក្រុង បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់តំបន់ឈូងសមុទ្រ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងធានាការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងម៉ាស៊ូត ដើម្បីជួយកាត់បន្ថយតម្លៃទំនិញប្រើប្រាស់​ ដែលកំពុងកើនឡើងនៅក្នុងប្រទេស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃពុធ លោកបានលេីកឡេីងថា មិនមានភស្តុតាងណាមួយបង្ហាញពីការជ្រៀតជ្រែកពីបរទេសនៅក្នុងភាពចលាចលនេះទេ ប៉ុន្តែព័ត៌មានអំពីការតវ៉ាទាំងនេះ ត្រូវបានគេបំភ្លៃនៅឯបរទេស ហើយមេដឹកនាំបរទេសមួយចំនួន ថែមទាំងបានធ្វើការលើកឡើងដែល «មិនអាចទទួលយកបាន និងល្ងង់ខ្លៅ» ទៀតផង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top