អ៊ីរ៉ង់ បញ្ជាក់ថា មាននាវា ៧ គ្រឿង ដែលរំលោភផ្លូវហាមឃាត់ ត្រូវផ្ទុះឆេះ នៅក្នុងដែនទឹកជុំវិញច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានវាយប្រហារលើនាវាចំនួន ៤ គ្រឿងដែលបាន «រំលោភបំពានផ្លូវាមឃាត់» នៅក្នុងឈូងសមុទ្រពែរ្ស កាលពីប៉ុន្មានម៉ោងមុននេះ។ ទន្ទឹមនឹងនេះ នាវាចំនួន ៣ គ្រឿងផ្សេងទៀតដែលបាន «ប្រព្រឹត្តល្មើស» ក៏បានផ្ទុះឡើង បន្ទាប់ពីបានប៉ះនឹងមីនសមុទ្រ នៅភាគខាងលិចនៃច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃពុធ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ Sepah News (ស្ថាប័នព័ត៌មានផ្លូវការរបស់ IRGC) កងទ័ពជើងទឹកបានឱ្យដឹងថា នាវាទាំង ៤ គ្រឿងដែលត្រូវបានកំណត់ជាគោលដៅនោះ បានឆ្លងកាត់ផ្លូវ «ខុសច្បាប់» នៅក្នុងច្រកសមុទ្រនេះ។ នាវាទាំងនោះត្រូវបានរកឃើញ និងវាយប្រហារនៅតំបន់ភាគខាងជើងនៃឈូងសមុទ្រកណ្តាល ខណៈពេលដែលកំពុងធ្វើសកម្មភាពផ្ទេរទំនិញប្រេងពីនាវាមួយទៅនាវាមួយទៀត។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាវាទាំង ៤ គ្រឿងត្រូវបានវាយប្រហារក្នុងពេលតែមួយ បណ្តាលឱ្យឆេះឡើង។ លើសពីនេះ ក៏មានការព្រមានទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រនានា មិនឱ្យឆ្លងកាត់ផ្លូវ «ខុសច្បាប់» នៅក្នុងច្រកសមុទ្រហ័រមូសនោះឡើយ ។
កងទ័ពជើងទឹកអ៊ីរ៉ង់ បានបន្ថែមថា នាវាចំនួន ៣ គ្រឿងដែលបានប៉ះនឹងមីនសមុទ្រកាលពីយប់មុននោះ ក៏បានឆេះឡើង ហើយត្រូវបានបង្ខំឱ្យឈប់ដំណើរការ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក នៅតែបន្តជំរុញឱ្យនាវាទាំងឡាយ ធ្វើដំណើរឆ្លងកាត់ផ្លូវដែល «ខុសច្បាប់ និងពោរពេញដោយមីន» នេះ បានបណ្តាលឱ្យឧប្បត្តិហេតុ តាមសមុទ្រកើតឡើងកាន់តែញឹកញាប់ជារៀងរាល់ថ្ងៃ។
ព្រមជាមួយគ្នានេះ ក៏មានការព្រមានផងដែរថា ប្រសិនបើកងទ័ពអាមេរិក នៅតែបន្តសកម្មភាពបែបនេះ ការប្រឈមមុខដាក់គ្នាអាចនឹងរាលដាលទៅដល់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
