ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ នៅទីបេ ប្រទេសចិន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ ដោយដកស្រង់ សម្តីអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ៣២ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយដែលមានកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេដ៏ដាច់ ស្រយាលមួយរបស់ប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ទីភ្នាក់ងារ ស៊ិនហួ បានឱ្យដឹងថា ផ្ទះជាង ៣០០ ខ្នងបានដួលរលំនៅក្នុងហេតុការណ៍រញ្ជួយដីនេះ ដែលបានកើតឡើងនៅម៉ោង ១០:៣៣ យប់ថ្ងៃព្រហស្បតិ៍ ។ មន្ត្រីពាក់ព័ន្ធកំពុងបន្តវាយតម្លៃការខូចខាត ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ គ្រោះមហន្តរាយក៏កំពុងដំណើរការផងដែរ។

ទីភ្នាក់ងារស្ទង់មតិ ភូមិសាស្ត្រសហរដ្ឋអាមេរិក (US Geological Survey) បានឱ្យដឹងថា ចំណុចកណ្តាល នៃការរញ្ជួយដីនេះស្ថិតនៅក្នុងតំបន់ភ្នំមួយ ចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រ ទៅទិសខាងកើតឈៀងឦសាននៃទីក្រុង Nagqu និងចម្ងាយ ៣៩០ គីឡូម៉ែត្រទៅទិសឦសាននៃទីក្រុង Lhasa ដែលជារដ្ឋធានីនៃតំបន់នេះ។

ទីភ្នាក់ងារ ស៊ិនហួ បានរាយការណ៍ថា ផែនការឆ្លើយតបបន្ទាន់ចំពោះគ្រោះមហន្តរាយរញ្ជួយដីកម្រិតទី ២ (Level-II) ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងតំបន់នោះ។

ប្រែសម្រួលៈ តុលា

To Top