ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រេង Aramco របស់អារ៉ាប៊ីសាអូឌី ប្រាប់បុគ្គលិក ឱ្យជម្លៀសចេញពីតំបន់ Dhahran ខណៈការប៉ះទង្គិច ជាមួយក្រុមហ៊ូទី នៅតែបន្ត

បរទេស៖ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត គឺ Aramco បានណែនាំឱ្យបុគ្គលិកជម្លៀសខ្លួន ចេញពីទីស្នាក់ការកណ្តាល របស់ខ្លួននៅទីក្រុង Dhahran ដែលស្ថិតនៅជាប់ឈូងសមុទ្រពែក្ស ។ នេះបើតាមប្រភពចំនួន ៦ នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការប្រយុទ្ធគ្នា រវាងប្រទេសដែលជាអ្នកនាំចេញប្រេងឆៅធំជាងគេបំផុតក្នុងពិភពលោក និងក្រុមហ៊ូទី (Houthis) ក្នុងប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ កំពុងតែមានភាពតានតឹងខ្លាំងឡើង។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ការប៉ះទង្គិចគ្នារវាងក្រុមហ៊ូទី និងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បានផ្ទុះឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមហ៊ូទីបានរុលទៅជិតច្រកសមុទ្រ Bab el-Mandeb ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ នៅត្រង់មាត់សមុទ្រក្រហម (Red Sea)។

ការណែនាំឱ្យបុគ្គលិកជម្លៀសខ្លួនចេញពីអគារ និងធ្វើការពីចម្ងាយនេះ បានកើតឡើងបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមហ៊ូទីមកលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយកំណត់គោលដៅលើក្រុមហ៊ុន Aramco និងព្រលានយន្តហោះនានាក្នុងប្រទេសនេះ។ នេះអាចចាត់ទុកថាជាការជម្លៀសខ្លួនលើកដំបូង ចាប់តាំងពីជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់បានចាប់ផ្តើម។

គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើអ្វីជាមូលហេតុពិតប្រាកដនៃការជម្លៀសខ្លួននេះ។

យោងតាមទិន្នន័យពី LSEG បានឱ្យដឹងថា សន្ទស្សន៍ទីផ្សារភាគហ៊ុនគោលរបស់អារ៉ាប៊ីសាអូឌីត (.TASI) បានធ្លាក់ចុះ ២,៥% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានព័ត៌មានអំពីក្រុមហ៊ុន Aramco នេះ។ ទន្ទឹមនឹងនេះ តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែឧសភាមក ដោយសារក្តីបារម្ភអំពីការកើនឡើង នៃជម្លោះនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ ដែលអាចកើតមាន លើការផ្គត់ផ្គង់ប្រេងឆៅពីតំបន់ ដែលជាអ្នកនាំចេញប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

To Top