កាណាដា និងតួកគី ចុះហត្ថលេខាលើ «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់នាយករដ្ឋមន្រ្តីកាណាកា ក្នុងការកាត់បន្ថយការពឹងផ្អែក លើសហរដ្ឋអាមេរិក
បរទេស៖ ប្រទេសកាណាដា និង តួកគី ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ (NATO) បានលើកកម្ពស់ទំនាក់ទំនង របស់ខ្លួនទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូង ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍។ ទំនាក់ទំនងនេះកើតឡើងនៅពេលដែលលោក Mark Carney កំពុងស្វែងរកដៃគូពាណិជ្ជកម្មសកលថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
យោតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងរវាងលោក Carney និងប្រធានាធិបតីតួកគី លោក Tayyip Erdogan បង្ហាញពីការកែលម្អយ៉ាងសំខាន់នៃទំនាក់ទំនងការទូត ដែលធ្លាប់តែមានភាពរកាំរកូសអស់រយៈពេលជាយូរមកហើយ ដោយសារកាណាដាមានក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស និងការដាក់បម្រាមនាំចេញអាវុធទៅកាន់ប្រទេសតួគីកាលពីអតីតកាល។
ភាពជាដៃគូថ្មីដែលបានចុះហត្ថលេខានៅទីក្រុង Ankara នេះ ផ្តោតលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពល ព្រមទាំងទំនាក់ទំនងសង្គម និងការទូត។ វាមានគោលបំណងបង្កើតការងារ និងឱកាសសម្រាប់ក្រុមហ៊ុននានារបស់កាណាដា និងតួកគី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។
លោក Carney នាយករដ្ឋមន្រ្តីកាណាដា កំពុងធ្វើដំណើរទៅកាន់ប្រទេសជាច្រើនជុំវិញ ពិភពលោកក្នុងបេសកកម្មពាណិជ្ជកម្មមួយ ដែលលោកសង្ឃឹមថា នឹងជួយការពារកាណាដា ពីផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលនៅទីនោះ ប្រធានាធិបតី Donald Trump បានដាក់ពន្ធគយយ៉ាងធ្ងន់ធ្ងរ និងបានចោទជាសំណួរអំពីអធិបតេយ្យភាព របស់ប្រទេសជិតខាងមួយនេះ។
ប្រែសម្រួលៈ តុលា
