ឯកសារបង្ហាញថា ក្រុមហ៊ុន GM លុបចោលកិច្ចព្រមព្រៀង ជាមួយរោងចក្រផលិតម៉ាញេទិក ពីធាតុដីកម្រថ្មីមួយនៅក្នុងសហរដ្ឋអាមេរិក
បរទេស៖ ក្រុមហ៊ុន General Motors (GM) ដែលជាអតិថិជនធំបំផុត របស់រោងចក្រមួយ ក្នុងសហរដ្ឋអាមេរិកផលិតម៉ាញេទិកពីធាតុដីកម្រ សម្រាប់រថយន្តអគ្គិសនី បានលុបចោលកិច្ចព្រមព្រៀង ផ្គត់ផ្គង់រយៈពេលវែងជាមួយក្រុមហ៊ុនផលិតនោះ។ នេះបើយោងតាមឯកសារផ្លូវការ និងប្រភពមួយដែលដឹងពីស្ថានការណ៍នេះ ដោយបញ្ជាក់ថាភាគីទាំងពីរពេលនេះកំពុងស្ថិតក្នុងដំណើរការដោះស្រាយវិវាទតាមរយៈអាជ្ញាកណ្តាល។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនលោកខាងលិចកំពុងជួបប្រទះ ក្នុងការបង្កើតសមត្ថភាពផលិតធាតុដីកម្រនៅក្នុងស្រុក និងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកផលិតម៉ាញេទិកអចិន្ត្រៃយ៍ប្រហែល ៩០% នៃចំនួនសរុបនៅលើពិភពលោក។
វាក៏បានបង្ហាញផងដែរអំពីការផ្លាស់ប្តូរនៅក្នុងវិស័យឧស្សាហកម្ម រថយន្តរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ (Donald Trump) បានវិលត្រឡប់មកកាន់តំណែងនៅសេតវិមានវិញក្នុងឆ្នាំ ២០២៥ និងបានកាត់បន្ថយការគាំទ្រ ពីសហព័ន្ធសម្រាប់រថយន្តអគ្គិសនី។
ក្រុមហ៊ុន Vacuumschmelze (ឬហៅកាត់ថា VAC) របស់ប្រទេសអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀង រយៈពេលវែងមួយជាមួយក្រុមហ៊ុន GM កាលពីឆ្នាំ ២០២៣ ដើម្បីផ្គត់ផ្គង់ម៉ាញេទិកអចិន្ត្រៃយ៍សម្រាប់រថយន្តអគ្គិសនីរបស់ GM ដោយផលិតចេញពីរោងចក្រថ្មីមួយនៅក្នុងរដ្ឋ South Carolina។
ប្រែសម្រួលៈ តុលា
