វៀតណាម រឹតបន្តឹងសន្តិសុខកោះភូគុក ត្រៀមទទួលគណៈប្រតិភូ ១ ម៉ឺននាក់ ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧
កោះភូគុក ៖ អាជ្ញាធរខេត្តភាគខាងត្បូងប្រទេសវៀតណាម បានចាប់ផ្ដើមចាត់វិធានការ សន្តិសុខជាមុនយ៉ាងតឹងរ៉ឹង នៅលើកោះភូគុក (Phu Quoc) ដែលជាកោះធំបំផុតរបស់ប្រទេស ដើម្បីត្រៀមរៀបចំសប្តាហ៍នៃថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២៧ (APEC Economic Leaders’ Week 2027) ដែលជាព្រឹត្តិការណ៍ការទូត អន្តរជាតិដ៏មានសារៈសំខាន់បំផុតរបស់ជាតិ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
កម្លាំងសមត្ថកិច្ចកំពុង កសាងយន្តការសន្តិសុខដ៏ទូលំទូលាយពីចម្ងាយ និងឱ្យបានឆាប់រហ័សបំផុត ដែលត្រូវបានចាត់ទុកជា «ខែលដែកថែប» ការពារព្រឹត្តិការណ៍ផង និងជាគ្រឹះទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ផងដែរ។ សកម្មភាពកំពូល នៃការប្រជុំគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេសភូគុក ដោយរំពឹងថា នឹងមានការចូលរួមពីប្រមុខដឹកនាំនៃសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ រួមទាំងគណៈប្រតិភូ មន្ត្រីជាន់ខ្ពស់ អ្នកសារព័ត៌មានអន្តរជាតិ និងតំណាងសាជីវកម្មធំៗប្រមាណ ១០.០០០ នាក់។
ហេដ្ឋារចនាសម្ព័ន្ធជាង ៥ ពាន់លានដុល្លារ និងការដោះស្រាយផលប៉ះពាល់ដីធ្លី ដើម្បីបម្រើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អាជ្ញាធរកំពុងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ២១ ក្នុងនោះរួមមាន គម្រោងវិនិយោគសាធារណៈចំនួន ១០ និងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ចំនួន ១១ ដោយមានទុនវិនិយោគសរុបលើសពី ១៣៧,១ ទ្រីលានដុង (ប្រមាណ ៥,២៧ ពាន់លានដុល្លារអាមេរិក)។
លោកវរសេនីយ៍ឯក Nguyen Nhat Truong អនុប្រធានស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ផែនការសន្តិសុខត្រូវបានដាក់ចេញយ៉ាងឆាប់រហ័ស ដើម្បីធានាថាសមត្ថកិច្ចមិនស្ថិតក្នុងភាពអសកម្ម ឬភ្ញាក់ផ្អើលចំពោះស្ថានការណ៍ឡើយ។ ទន្ទឹមនឹងនេះ «ក្រុមការងារលេខ ៨៣៣» ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកកស្ទះក្នុងការដោះលែងដីធ្លី ដោយបានត្រួតពិនិត្យសំណុំរឿងជិត ៤០០ ករណី ព្រមទាំងបើកកិច្ចសន្ទនាសម្របសម្រួលជាមួយប្រជាពលរដ្ឋ។ ជាលទ្ធផល ប្រជាពលរដ្ឋក្នុង ២២៨ ករណីបានស្ម័គ្រចិត្តប្រគល់ដីធ្លីដោយសន្តិវិធី ចំណែកករណីចាំបាច់ត្រូវអនុវត្តច្បាប់ ក៏ត្រូវបានធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋ និងរក្សាវឌ្ឍនភាពគម្រោងឱ្យទាន់ពេលវេលា។
កម្លាំងនគរបាលបានបង្កើនការចុះល្បាត និងបើកយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងខ្លាំងក្លានៅលើកោះភូគុក។ ជាក់ស្តែង សមត្ថកិច្ចទើបតែបានបំបែកបណ្តាញល្បែងស៊ីសង និងការលាងលុយកខ្វក់ឆ្លងដែនដ៏ធំមួយដែលមានទំហំទឹកប្រាក់រាប់រយពាន់លានដុង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២៩ នាក់។ យុទ្ធនាការនេះបានជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន និងបរិស្ថានយ៉ាងច្រើន ដែលបង្កើតឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
លោក Tran Minh Khoa ប្រធានគណៈកម្មាធិការប្រជាជនតំបន់សេដ្ឋកិច្ចពិសេសភូគុក បានលើកឡើងថា អាជ្ញាធរកំពុងពង្រីកចលនា «ប្រជាជនទាំងអស់ការពារសន្តិសុខជាតិ» តាមរយៈគំរូគ្រប់គ្រងដោយសហគមន៍ រួមមាន៖ ក្រុមទូកល្បាតសន្តិសុខអានថយ (An Thoi) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពឆ្លាតវៃ ការបង្កើតតំបន់ផ្ទះជួលគ្មានបទល្មើស និងគ្រឿងញៀន ការធានាសុវត្ថិភាពចរាចរណ៍ ព្រមទាំងយុទ្ធនាការសម្អាតលំហអ៊ីនធឺណិតផងដែរ។
សន្តិសុខអាកាសចរណ៍ត្រូវបានចាត់ទុកជាអាទិភាពស្នូលមួយទៀត ដោយស្ថាប័នជំនាញបានចុះត្រួតពិនិត្យ និងកំណត់ស្លាកសញ្ញាហាមហោះហើរ និងកម្រិតហោះហើរនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភូគុក (Phu Quoc International Airport) និងអាកាសយានដ្ឋានរ៉ាចយ៉ា (Rach Gia Airport)។ ទន្ទឹមនឹងនេះ អាជ្ញាធរបានចងក្រងបញ្ជីឈ្មោះ និងរឹតបន្តឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើអាជីវកម្មលក់ដូរ ជួសជុល និងបុគ្គលដែលប្រើប្រាស់យន្តហោះដ្រូន (Drone) ក្នុងវិស័យកសិកម្ម ការវាស់វែងដីធ្លី ការថតភាពយន្ត និងការផ្សាយកម្មវិធីផ្សេងៗ។
លោកវរសេនីយ៍ឯក Truong បានបន្ថែមថា សមត្ថកិច្ចកំពុងបន្តបង្កើនការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់ បទល្មើសគ្រឿងញៀន និងអំពើខុសច្បាប់នានាដែលពាក់ព័ន្ធនឹងជនបរទេស ព្រមទាំងតាមដានសន្តិសុខសេដ្ឋកិច្ច ថាមពល និងរឹតបន្តឹងការចេញ-ចូលស្នាក់នៅយ៉ាងហ្មត់ចត់ ដោយត្រៀមកម្លាំង និងសម្ភារបរិក្ខាររួចជាស្រេចដើម្បីឆ្លើយតបនឹងរាល់ឧប្បត្តិហេតុដែលអាចកើតឡើងជាយថាហេតុ៕
ប្រែសម្រួល៖ គីរី
