ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់ព្រមានថា អ៊ីរ៉ង់មានផែនការវាយប្រហារ ខ្សែកាបក្រោមសមុទ្រ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ

បរទេស៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ពីររូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទីក្រុងតេអេរ៉ង់បានរៀបចំផែនការ លម្អិតដើម្បីកំណត់គោលដៅវាយប្រហារលើខ្សែ ខ្សែកាបទំនាក់ទំនងក្រោមសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ម្តងទៀត ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា ការលើកឡើងរបស់អ៊ីរ៉ង់ធ្វើឡើងបន្ទាប់ពីមានការព្រមានពីមន្ត្រីអ៊ីរ៉ង់ថា ខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់នេះ អាចក្លាយជាគោលដៅវាយប្រហារនៅក្នុងជម្លោះណាមួយដែលផ្ទុះឡើងវិញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយទីក្រុងវ៉ាស៊ីនតោនបរាជ័យ។

មន្ត្រីសន្តិសុខអ៊ីរ៉ង់ទាំងពីររូប ដែលសុំមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ ហើយមិនបានបញ្ជាក់ថា តើទីក្រុងតេអេរ៉ង់នឹងធ្វើការវាយប្រហារទាំងនោះតាមរបៀបណា ឬនៅទីតាំងណាឱ្យប្រាកដនោះទេ។ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបាននិយាយថា អ៊ីរ៉ង់នឹងព្យាយាមរារាំងមិនឱ្យមានការជួសជុលឡើងវិញ បន្ទាប់ពីការវាយប្រហារ ដើម្បីពន្យារពេលនៃការរំខានដល់ប្រព័ន្ធទំនាក់ទំនង រួមទាំងការតភ្ជាប់អ៊ីនធឺណិតផងដែរ។

មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា៖ «ប្រសិនបើអ៊ីរ៉ង់វាយប្រហារ នោះនឹងលែងមាន ‘ខ្សែបន្ទាត់ក្រហម’ (ដែនកំណត់ដែលមិនអាចរំលោភបាន) ទៀតហើយ… ចាប់ពីខ្សែកាបក្រោមសមុទ្រ រហូតដល់មូលដ្ឋានយោធា រួមទាំងមូលដ្ឋានសម្ងាត់នានាផងដែរ»។

មន្ត្រីរូបនោះបានព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យ «លេងជាមួយភ្លើង» ហើយបាននិយាយថា អ៊ីរ៉ង់មានលទ្ធភាពចូលទៅដល់ខ្សែខ្សែកាបក្រោមសមុទ្រទាំងនោះបានយ៉ាងពេញលេញ និងអាចបំផ្លាញខ្សែកាបទាំងនោះបានយ៉ាងងាយស្រួល។

To Top