ព័ត៌មានអន្តរជាតិ

បារាំង នឹងដាក់ពង្រាយប៉ូលិស ៧០.០០០ នាក់ បំពាក់អាវុធធុនធ្ងន់ នៅតាមទីតាំងដែលមានការតវ៉ាទូទាំង ប្រទេសនៅថ្ងៃសៅរ៍នេះ

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសបារាំងនឹងដាក់ពង្រាយប៉ូលិសចំនួន ៧០.០០០ នាក់ នៅតាមទីតាំងដែលមានការតវ៉ាទូទាំងប្រទេសនៅថ្ងៃសៅរ៍នេះ ដោយមានគោលបំណងទប់ស្កាត់កុំឱ្យមានអំពើហិង្សា និងការលួចប្លន់កើតឡើងដដែលទៀត ដូចអ្វីដែលបានធ្វើឱ្យប្រទេសទាំងមូលភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា កងកម្លាំងសន្តិសុខពិសេស និងកងកម្លាំងចល័តដែលបំពាក់អាវុធធុនធ្ងន់ នឹងត្រូវដាក់ពង្រាយរួមគ្នាជាមួយកងកម្លាំងធម្មតា ដើម្បីបង្ហាញកម្លាំង ដែលមានគោលបំណងលុបបំបាត់ក្តីបារម្ភថា រដ្ឋាភិបាលបានបាត់បង់ការគ្រប់គ្រងលើស្ថានភាពតាមដងផ្លូវ។

លោក Nunez បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងមិនមានការយោគយល់ណាមួយឡើយចំពោះអ្នកបង្កចលាចល អ្នកលួចប្លន់ និងជនទាំងឡាយណាដែលប្រព្រឹត្តអំពើហិង្សា»។ លោកបានបន្ថែមថា ក្រុមដែលមាននិន្នាការ «ឆ្វេងនិយមជ្រុល» បានជំរុញសកម្មជននានាតាមរយៈអនឡាញ ឱ្យកំណត់គោលដៅវាយប្រហារលើអគារសាធារណៈ និងបង្កភាពអនាធិបតេយ្យបន្ថែមទៀត។

លោក Nunez បានបញ្ជាក់ថា៖ «នេះមិនមែនជាការតវ៉ាដោយសន្តិវិធី និងមិត្តភាពនោះទេ។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ថ្ងៃស្អែក។ យើងនឹងមានការប្រុងប្រយ័ត្នខ្ពស់បំផុត មានជំហរម៉ឺងម៉ាត់បំផុត ហើយយើងនឹងមិនអនុញ្ញាតឱ្យមានទង្វើខុសច្បាប់ណាមួយកើតឡើងឡើយ»។
ប្រែសម្រួលៈ ណៃ តុលា

To Top