ស្ត្រីទីមួយសហរដ្ឋអាមេរិក Melania Trump សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀង ឈប់បាញ់រវាង រុស្ស៊ី និងអ៊ុយក្រែន
បរទេស៖ នៅថ្ងៃសុក្រ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយនៅក្នុងទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។ កិច្ចព្រមព្រៀងនេះសម្រេចឡើងបានតាមរយៈការសម្របសម្រួលរបស់លោកស្រី Melania Trump ស្ត្រីទីមួយនៃសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងថា ក្រុមអ្នកចរចាសន្តិភាពនឹងជួបប្រជុំគ្នានៅខែក្រោយ ដើម្បីធ្វើការចរចាជុំថ្មី។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា ភាគីទាំងពីរបានបញ្ជាក់ថា បទឈប់បាញ់នេះនឹងចាប់ផ្តើមមានសុពលភាពនៅថ្ងៃទី ២៧ ខែតុលា ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាពលរដ្ឋចេញតាមរយៈច្រករបៀងមនុស្សធម៌។
ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការរៀបចំកិច្ចចរចាថ្មីក្នុងគោលបំណងបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៤ ឆ្នាំកន្លះមកហើយនោះ លោក Zelenskiy បានឱ្យដឹងថា ក្រុមអ្នកចរចាមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាលើការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសមួយ នៅពាក់កណ្តាលដំបូងនៃខែវិច្ឆិកា ក្នុងទីក្រុង Abu Dhabi។ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់នៅពេលក្រោយថា ប្រទេសទាំងបីអាចនឹងធ្វើកិច្ចចរចា លើកក្រោយរបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នៅទីក្រុង Abu Dhabi ឬប្រទេសស្វីស។
កិច្ចចរចាជុំមុនៗដែលមានសហរដ្ឋអាមេរិក ជាអ្នកដឹកនាំ បានជាប់គាំងនៅខែកុម្ភៈ ដោយមិនមានវឌ្ឍនភាពសំខាន់ណាមួយឆ្ពោះ ទៅរកការបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
រុស្ស៊ីនៅតែបន្តទាមទារឱ្យអ៊ុយក្រែន ប្រគល់តំបន់ Donbas ភាគខាងកើតទាំងមូលឱ្យខ្លួន រួមទាំងទឹកដីដែលរុស្ស៊ី មិនទាន់បានកាន់កាប់ដោយកម្លាំង យោធាផងដែរ ខណៈដែលទីក្រុង គៀវ បដិសេធដាច់អហង្ការចំពោះគំនិតនៃការបោះបង់ទឹកដីដែលខ្លួនកំពុងកាន់កាប់នាពេលបច្ចុប្បន្ន។
ប្រែសម្រួលៈ ណៃ តុលា
