មន្ទីរបញ្ចកោណ ចាត់ទុកវិទ្យាស្ថានខុងជឺ ដែលគាំទ្រថវិកាដោយចិន ថាជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក
វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចាត់ទុកមជ្ឈមណ្ឌលវប្បធម៌ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលចិន នៅតាមបរិវេណសាកលវិទ្យាល័យនានា ឬដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «វិទ្យាស្ថានខុងជឺ (Confucius Institutes)» ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
កន្លងមក ទីក្រុងវ៉ាស៊ីនតោនតែងតែចោទប្រកាន់ជាយូរមកហើយថា វិទ្យាស្ថានខុងជឺគឺជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយរដ្ឋបាលអាមេរិកក៏បានចាត់វិធានការជាបន្តបន្ទាប់ដើម្បីបង្ក្រាបមជ្ឈមណ្ឌលទាំងនេះផងដែរ។
តាមរយៈវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម លោក Hegseth បានចោទប្រកាន់ថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការដោយលួចលាក់ និងបន្លំភ្នែកនៅតាមសាកលវិទ្យាល័យនានា ក្នុងសហរដ្ឋអាមេរិក ហើយមន្ទីរបញ្ចកោណបានសម្រេចបញ្ចូលស្ថាប័នទាំងនេះ ទៅក្នុងបញ្ជីខ្មៅនៃស្ថាប័នដែលគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
លោក Hegseth បានថ្លែងបញ្ជាក់ថា «ការពិតបានលេចចេញជារូបរាងឡើងថា កោសិការឃោសនាថ្មីៗចំនួន ៨០ នៅទូទាំងសាកលវិទ្យាល័យចំនួន ៣០ បានផុសឡើងដោយប្រើប្រាស់ឈ្មោះ និងលក្ខន្តិកៈផ្សេងៗគ្នា ប៉ុន្តែពួកគេមានបេសកកម្មតែមួយ គឺដើម្បីលួចកម្មសិទ្ធិបញ្ញា និងជ្រៀតជ្រែកចូលទៅក្នុងគំនិតរបស់និស្សិតអាមេរិក»។
ប្រមុខការពារជាតិអាមេរិករូបនេះបានបន្ថែមទៀតថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រសួងការពារជាតិអាមេរិកបាន «ចាត់វិធានការរុះរើអង្គការទាំងនេះនីមួយៗជាប្រព័ន្ធរហូតដល់អស់គ្មានសល់»។
ជុំវិញចំណាត់ការ និងការចោទប្រកាន់នេះ ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មាននៅឡើយទេ។
ប្រែសម្រួល៖ គីរី
