ព័ត៌មានអន្តរជាតិ

‎តួកគីថា ការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី នឹងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាម

‎បរទេស: រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមានកាលពីថ្ងៃសុក្រដោយប្រឆាំង នឹងរាល់ការវាយប្រហារថ្មីណាមួយទៅលើប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា សកម្មភាពបែបនេះនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងពង្រីកជម្លោះនៅទីនោះបន្ថែមទៀត។ លោកបានបន្ថែមថា ការទូត និងកិច្ចសន្ទនា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម ។
‎
‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា លោក Fidan បានជួបជាមួយសមភាគីមកពីប្រទេសអេហ្ស៊ីប ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ បារាំង អង់គ្លេស និងអ៊ីតាលី នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីស្ថានការណ៍នៃជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ការវាយប្រហារលើអារ៉ាប៊ីសាអូឌីតដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
‎
‎នេះគឺជាកិច្ចប្រជុំរួមគ្នាលើកដំបូងរវាងបណ្តាប្រទេសទាំងនេះ ដែលរួមមានក្រុមប្រទេសតំបន់ចំនួន ៤ (Regional Four ឬ R4) និងក្រុមប្រទេសអឺរ៉ុបចំនួន ៣ (EU 3 ឬ E3) ព្រមទាំងប្រទេសអ៊ីតាលី។
‎
‎លោក Fidan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំថា៖ «យើងទាំងអស់គ្នាឯកភាពគ្នាថា ការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ នឹងពង្រីកសង្គ្រាមនៅក្នុងតំបន់។ ការធ្វើអន្តរាគមន៍យោធាទៅលើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយឡើយ។ គ្មាននរណាម្នាក់យល់ស្របនឹងរឿងនេះទេនៅពេលបច្ចុប្បន្ន»។
‎
‎ចំណែករដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយក្រោយកិច្ចប្រជុំកាលពីថ្ងៃសុក្រថា ការកើនឡើងនៃភាពតានតឹងជាថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងនាំមកនូវតែការខាតបង់សម្រាប់គ្រប់ភាគី ហើយនឹងធ្វើឱ្យតម្លៃប្រេងកើនឡើង។
‎
‎ប្រែសម្រួល: ណៃ តុលា

To Top