លីប៊ី ច្រានចោលការលើកឡើងរបស់លោក ត្រាំ និងទាមទារឱ្យមានការបំភ្លឺ ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោន
ទ្រីប៉ូលី ៖ រដ្ឋាភិបាលឯកភាពជាតិរបស់ប្រទេសលីប៊ី និងគណៈកម្មាធិការកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាតំណាងរាស្ត្រ បានសម្តែងការបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការលើកឡើងថ្មីៗនេះ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ថា សេចក្តីថ្លៃថ្នូររបស់ប្រទេសលីប៊ី និងប្រជាជនរបស់ខ្លួន មិនគួរត្រូវបានយកមកធ្វើជាប្រធានបទ សម្រាប់ការជជែកដេញដោល ក្នុងយុទ្ធនាការបោះឆ្នោតនោះទេ ។
នាយករដ្ឋមន្ត្រីលីប៊ី លោក Abdul-Hamid Dbeibah បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលីប៊ី បដិសេធរាល់ការប្រមាថមកលើប្រទេស ឬប្រជាជនរបស់ខ្លួន ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
លោកបានលេីកឡេីងថា «យើងនឹងមិនទទួលយកឡើយ ចំពោះការយកសេចក្តីថ្លៃថ្នូររបស់ប្រទេសលីប៊ី និងប្រជាជនរបស់ខ្លួន ទៅធ្វើជាប្រធានបទ សម្រាប់ការជជែកដេញដោលក្នុងយុទ្ធនាការបោះឆ្នោត»។ លោកបានបន្ថែមថា ឋានៈរបស់ប្រទេសលីប៊ី និងតួនាទីរបស់ខ្លួនទាំងក្នុងតំបន់ និងអន្តរជាតិ មិនអាចត្រូវបានគេមើលរំលង ឬធ្វើឱ្យប៉ះពាល់បានឡើយ។
ដោយឡែក គណៈកម្មាធិការកិច្ចការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុង Benghazi បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ខ្លួនបានតាមដានឃើញនូវ «ការពណ៌នាដែលមិនអាចទទួលយកបាន» អំពីប្រទេសលីប៊ី ដោយកត់សម្គាល់ថា ការលើកឡើងបែបនេះគឺផ្ទុយនឹងគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវផ្នែកការទូត។
គណៈកម្មាធិការសភានេះ បានទាមទារឱ្យរដ្ឋបាលសហរដ្ឋអាមេរិកផ្តល់ «ការបំភ្លឺជាផ្លូវការទាក់ទងនឹងសេចក្តីថ្លែងការណ៍ទាំងនេះ» ដោយសង្កត់ធ្ងន់ថា ប្រទេសលីប៊ី គឺជា «រដ្ឋអធិបតេយ្យមួយ ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលមិនអាចត្រូវបានគេកាត់បន្ថយតម្លៃ មកត្រឹមការពណ៌នាបែបឆាប់ៗ ឬការវិនិច្ឆ័យទុកជាមុននោះឡើយ» ៕
