ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ត្រៀមខ្លួនផ្អាកសកម្មភាព នៅតាមខ្សែត្រៀមជួរមុខ ប៉ុន្តែបដិសេធ​ ចំពោះការកាត់ទឹកដីឧ្យរុស្ស៊ី

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ក្នុងការផ្អាកប្រតិបត្តិការប្រយុទ្ធ នៅតាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន ដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការ​ ចំពោះការយល់ព្រមកាត់ទឹកដីឧ្យទៅរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន ABC News កាលពីថ្ងៃសុក្រ លោក ហ្សេឡិនស្គី បានបង្ហាញឆន្ទៈ ក្នុងការឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ ប៉ុន្តែបានបដិសេធសំណើដែលស្នើឱ្យអ៊ុយក្រែនបោះបង់ទឹកដីចំនួន ២៥ ភាគរយ។

លោក ហ្សេឡិនស្គី ក៏បានសម្តែងការសោកស្តាយ ចំពោះការថយចុះនៃជំនួយយោធាពីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដោយលើកឡើងថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ អ៊ុយក្រែនទទួលបានមីស៊ីលស្ទាក់ចាប់ចំនួន ២៤ គ្រាប់ប៉ុណ្ណោះសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួន ដែលចំនួននេះគឺតិចជាងតម្រូវការប្រចាំខែជាមធ្យមចំនួន ៣៥០ គ្រាប់យ៉ាងខ្លាំង។

លោកបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃស្ថានភាពនេះ ដោយបញ្ជាក់ថា មានមីស៊ីលផ្លោង ចំនួន ៣០ គ្រាប់បានវាយប្រហារទីក្រុងគៀវ នៅយប់ថ្ងៃព្រហស្បតិ៍តែមួយយប់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មានសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោនទៅលើលោក ហ្សេឡិនស្គី ឱ្យធ្វើការយល់ព្រមផ្តល់សម្បទានខ្លះ ដើម្បីធានាឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានស្តីបន្ទោសទីក្រុងគៀវជាច្រើនដង ចំពោះការខ្វះវឌ្ឍនភាពនៅក្នុងកិច្ចចរចាដែលមានសហរដ្ឋអាមេរិក​ ជាអ្នកសម្របសម្រួល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម​ នៅក្នុងពាក់កណ្តាលដំបូងនៃខែវិច្ឆិកា។ កិច្ចចរចានេះនឹងផ្តោតសំខាន់លើការរៀបចំសន្តិសុខសម្រាប់រុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីមានការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top