ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភដែនអាកាស និងរិះគន់ការបិទព្រំដែន
បាកដាដ៖ ក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថា បានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈការចូលរំលោភដែនអាកាសជាច្រើនលើក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះដែលជាអង្គភាពរួមនៃក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលមាននិន្នាការគាំទ្រអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានកត់ត្រានូវករណីរំលោភដែនអាកាសចំនួន ១៧១ លើក ដែលប្រព្រឹត្តឡើងដោយយន្តហោះចម្បាំង និងយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើដែនអាកាសអ៊ីរ៉ាក់ ចន្លោះថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា។
ក្រុមនេះបានចាត់ទុកការហោះហើរទាំងនេះថា ជាការបំពានលើកិច្ចព្រមព្រៀង និងកាតព្វកិច្ចទ្វេភាគីដែលមានស្រាប់ ព្រមទាំងបានជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់វិធានការដោះស្រាយបញ្ហានេះជាសាធារណៈ។
សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានរិះគន់ផងដែរ ចំពោះការសម្រេចចិត្តផ្នែករដ្ឋបាលថ្មីៗនេះ ក្នុងការបិទព្រលានយន្តហោះ និងច្រកព្រំដែនគោកជាមួយប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាង ដោយចោទប្រកាន់ថាវិធានការទាំងនេះត្រូវបានធ្វើឡើងក្រោមសម្ពាធពីខាងក្រៅ៕
ប្រែសម្រួល ឈូក បូរ៉ា
