ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ម៉ាក Audi សម្រេចវិនិយោគក្នុងទំហំទឹកប្រាក់ ៤ ពាន់លានដុល្លារក្នុងការសាងសង់ រោងចក្រថ្មីមួយនៅសហរដ្ឋអាមេរិក

បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចេញមុខការពារផែនការវិនិយោគចំនួន ៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុន នៅក្នុងរោងចក្រថ្មីមួយនៅសហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលដែលលោកកំពុងឃោសនាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា លោក Gernot Doellner នាយកប្រតិបត្តិក្រុមហ៊ុន Audi បានឈរនៅក្បែរលោក ត្រាំ ក្នុងពិធីជួបជុំមួយនៅទីក្រុង Perry ក្បែរទីក្រុង Macon ក្នុងរដ្ឋ Georgia កាលពីថ្ងៃសៅរ៍។ នៅក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិកបានលើកឡើងថា ក្រុមហ៊ុន Audi ដែលជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen Group មានគម្រោងសាងសង់រោងចក្រដំឡើងរថយន្តមួយនៅក្នុងរដ្ឋ Georgia ដោយគ្រោងនឹងផលិតរថយន្តប្រភេទ SUV ចំនួន ២០០.០០០ គ្រឿងក្នុងមួយឆ្នាំ។

លោក Doellner នាយកប្រតិបត្តិក្រុមហ៊ុន Audi បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា «ការសម្រេចចិត្តនេះ គឺកើតចេញពីការរៀបចំផែនការ យ៉ាងយកចិត្តទុកដាក់ និងការចរចាយ៉ាងស៊ីជម្រៅអស់រយៈពេលជាច្រើនខែ។ ប្រសិនបើប្រធានាធិបតីអាមេរិកអញ្ជើញអ្នក នោះអ្នកត្រូវតែទទួលយកការអញ្ជើញនោះ។ នេះគឺជាអ្វីដែលតម្រូវឱ្យមាន ដើម្បីបង្ហាញការគោរពចំពោះតំណែងប្រធានាធិបតី និងចំពោះប្រទេសដែលយើងកំពុងធ្វើការវិនិយោគ»។

ការសម្រេចចិត្តចុងក្រោយលើគម្រោងវិនិយោគនេះ នឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Volkswagen ទើបគម្រោងនេះអាចដំណើរការទៅមុខបាន។

រដ្ឋ Georgia កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក និងអភិបាលរដ្ឋ។ ក្នុងនោះ លោក ត្រាំ ក៏កំពុងព្យាយាមបង្ហាញហេតុផលថា គោលនយោបាយដំឡើងពន្ធលើរថយន្តរបស់លោក កំពុងជួយដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងជំរុញវិស័យផលិតកម្មនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ប្រែសម្រួលៈ តុលា

To Top