ព័ត៌មានអន្តរជាតិ

កម្រិតគាំទ្រលោក Donald Trump ងើបឡើង បន្តិចមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ខណៈគណបក្សប្រជាធិបតេយ្យ នៅតែនាំមុខលើការប្រជែង គ្រប់គ្រងសភា

​វ៉ាស៊ីនតោន៖ យោងតាមលទ្ធផលស្ទង់មតិរួមគ្នារវាងទីភ្នាក់ងារសារព័ត៌មាន Reuters និងវិទ្យាស្ថាន Ipsos ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ កម្រិតគាំទ្រពីសាធារណជនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump បានកើនឡើងបន្តិចដល់ ៣២% ពោលគឺកើនឡើង ១ ភាគរយ ធៀបនឹងកម្រិតទាបបំផុត ជាប្រវត្តិសាស្ត្រ កាលពីសប្តាហ៍មុន ។ ការស្ទង់មតិនេះធ្វើឡើងនៅចំពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី ៣ ខែវិច្ឆិកា កាន់តែខិតជិតមកដល់ ដែលជាការបោះឆ្នោតកំណត់ថា តើគណបក្សណានឹងក្តាប់ការ គ្រប់គ្រងសភាសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​បច្ចុប្បន្ន សមាជិកគណបក្សសាធារណរដ្ឋ  កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីរក្សាសំឡេង ភាគច្រើនរបស់ខ្លួន ទាំងនៅក្នុងរដ្ឋសភា  និងព្រឹទ្ធសភា ។

​ការស្ទង់មតិទូទាំងប្រទេសរយៈពេល ៥ ថ្ងៃនេះ បានបង្ហាញថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោត មានទំនោរគាំទ្រគណបក្សប្រជាធិបតេយ្យ (Democrats) ច្រើនជាងគណបក្សសាធារណរដ្ឋ ក្នុងអត្រា ៤៧% ទល់នឹង ៣៦% នៅពេលសួរអំពីគណបក្សដែលពួកគេនឹងជ្រើសរើសសម្រាប់សភា (Generic Ballot)។ ក្នុងនោះ ប្រមាណ ១១% ឆ្លើយថាពួកគេមិនទាន់ដឹងថានឹងត្រូវបោះឆ្នោតឱ្យនរណានោះទេ ប្រសិនបើការបោះឆ្នោតរៀបចំឡើងនៅថ្ងៃនេះ។

​គម្លាតនាំមុខ ១១ ភាគរយ របស់គណបក្សប្រជាធិបតេយ្យនេះ បានរួមតូចជាងមុន ១ ភាគរយ បើធៀបនឹងការស្ទង់មតិ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី ១៩ ខែតុលា ។ បន្ថែមពីនេះ នៅពេលរាប់បញ្ចូលទាំងទស្សនៈ របស់អ្នកបោះឆ្នោត ដែលមិនទាន់សម្រេចចិត្តច្បាស់លាស់ ប៉ុន្តែមានទំនោរ ទៅរកបក្សណាមួយនោះ លទ្ធផលបង្ហាញថាការប្រកួតប្រជែង ថ្នាក់ជាតិកាន់តែប្រកៀកប្រកិតគ្នា ដោយគណបក្សប្រជាធិបតេយ្យនាំមុខ ៩ ភាគរយ (៥០% ទល់នឹង ៤១%)។

​សម្រាប់គណបក្សសាធារណរដ្ឋ ការបាត់បង់ការគ្រប់គ្រងលើសភាណាមួយ អាចនឹងធ្វើឱ្យរបៀបវារៈនយោបាយរបស់លោក Trump ជួបភាពស្មុគស្មាញ និងរាំងស្ទះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃអាណត្តិទីពីររបស់លោកក្នុងនាមជាប្រធានាធិបតី។

​ការស្ទង់មតិលើសន្លឹកឆ្នោតទូទៅ (Generic ballot) គឺជាការស្ទង់មតិថ្នាក់ជាតិដែលបង្ហាញពីទស្សនៈរួមរបស់សាធារណជនចំពោះគណបក្សដែលពួកគេចង់ឃើញដឹកនាំសភា។ ទោះបីជាការស្ទង់មតិនេះឆ្លុះបញ្ចាំងពីអារម្មណ៍សាធារណៈរួមទូទាំងប្រទេសក៏ដោយ វាមិនបានបង្ហាញលម្អិតពីស្ថានភាពជាក់ស្តែងនៃការប្រកួតប្រជែងតាមរដ្ឋនីមួយៗ និងតាមមណ្ឌលនីមួយៗនោះឡើយ ដែលជាកត្តាកំណត់ការគ្រប់គ្រងព្រឹទ្ធសភា និងរដ្ឋសភា ពោលគឺជាទីតាំងប្រកួតប្រជែងដែលគណបក្សសាធារណរដ្ឋនៅតែក្តាប់ផលប្រយោជន៍ខាងរចនាសម្ព័ន្ធនយោបាយមួយចំនួន។

​ក្រុមអ្នកវិភាគនយោបាយយល់ឃើញជាទូទៅថា គណបក្សប្រជាធិបតេយ្យមានឱកាសខ្ពស់ ក្នុងការដណ្តើមយកការគ្រប់គ្រងរដ្ឋសភាមកវិញ ប៉ុន្តែពួកគេប្រឈមនឹងឧបសគ្គលំបាកខ្លាំង ជាងមុនក្នុងការដណ្តើមយកព្រឹទ្ធសភា ។ ក្នុងចំណោមអ្នកបោះឆ្នោតដែលមានលទ្ធភាពខ្ពស់បំផុត ក្នុងការចេញទៅបោះឆ្នោតជាក់ស្តែង នៅតែបង្ហាញទំនោរគាំទ្រគណបក្សប្រជាធិបតេយ្យច្រើនជាងសាធារណរដ្ឋ ៩ ភាគរយ (៥៣% ទល់នឹង ៤៤%)។

​សមរភូមិប្រជែងដណ្តើមសភា ហាក់កំពុងវិលជុំវិញទស្សនៈលើបញ្ហាអតិផរណា ដែលបានកើនឡើងយ៉ាងគំហុក ចាប់តាំងពីលោក Trump បានបញ្ជាឱ្យមានការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដែលជំរុញឱ្យតម្លៃប្រេងសាំងហក់ឡើងខ្ពស់។ អ្នកបោះឆ្នោតប្រមាណ ៧៣% នៅក្នុងការស្ទង់មតិ បានបញ្ជាក់ថា ការចំណាយលើជីវភាពរស់នៅរបស់ពួកគេកំពុងស្ថិតក្នុងទិសដៅមិនល្អ។

​មុនពេលសង្រ្គាមផ្ទុះឡើង ការស្ទង់មតិរបស់ Reuters/Ipsos ធ្លាប់បង្ហាញថា អ្នកបោះឆ្នោតមានទំនោរទុកចិត្តលើគណបក្សសាធារណរដ្ឋច្រើនជាងគណបក្សប្រជាធិបតេយ្យ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក។ ប៉ុន្តែការស្ទង់មតិចុងក្រោយនេះបង្ហាញថា ៣៧% របស់អ្នកបោះឆ្នោតជឿជាក់ថា គណបក្សប្រជាធិបតេយ្យមានយុទ្ធសាស្ត្រល្អប្រសើរជាងលើបញ្ហាសេដ្ឋកិច្ច ធៀបនឹង ៣៣% ដែលជ្រើសរើសគណបក្សសាធារណរដ្ឋ។

​ក្រៅពីនេះ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យក៏បានបង្ហាញពីភាពស្វាហាប់ជាងមុនក្នុងការចេញទៅបោះឆ្នោត ដោយ ៤៦% នៃអ្នកបោះឆ្នោតបក្សប្រជាធិបតេយ្យបញ្ជាក់ថា ពួកគេមានការប្តេជ្ញាចិត្តខ្ពស់បំផុត ចំពោះការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ ធៀបនឹង ៣០% នៃអ្នកគាំទ្របក្សសាធារណរដ្ឋដែលបានលើកឡើងដូចគ្នា។

​ការស្ទង់មតិតាមប្រព័ន្ធអនឡាញរបស់ Reuters/Ipsos នេះ បានប្រមូលទិន្នន័យពីមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកចំនួន ១.៦៧៩ នាក់ ក្នុងនោះរួមមានអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតចំនួន ១.២៨០ នាក់។ ការស្ទង់មតិនេះមានកម្រិតលម្អៀង (Margin of Error) ចំនួន ២ ភាគរយ សម្រាប់មនុស្សពេញវ័យទូទៅ និង ៣ ភាគរយ សម្រាប់ក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។

ប្រែសម្រួល៖ គីរី

To Top