ព័ត៌មានអន្តរជាតិ

ក្រសួងយុត្តិធម៌អាមេរិក ព្យាយាមប្តឹងអតីតប្រធាន FBI លោក James Comey ជាលើកទីបី ជុំវិញការចោទប្រកាន់ ពីបទលេចធ្លាយព័ត៌មាន សម្ងាត់ការពារជាតិ

​វ៉ាស៊ីនតោន៖ យោងតាមឯកសារតុលាការដែលត្រូវបានទម្លាយជាសាធារណៈកាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ក្រោមរដ្ឋបាលលោក Donald Trump កំពុងព្យាយាមបើកសវនាការកាត់ទោសអតីត ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey ជាលើកទីបី ដោយករណីចុងក្រោយនេះបានចោទប្រកាន់លោកពីបទចែកចាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខជាតិកាលពីឆ្នាំ ២០១៦។
​ការចោទប្រកាន់នេះត្រូវបានលាតត្រដាងនៅក្នុងឯកសារតុលាការមួយ ដែលត្រូវបានគេស្គាល់ថាជា «បណ្តឹងព្រហ្មទណ្ឌដោយរដ្ឋអាជ្ញា (Criminal Information)»។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹងនេះឡើង ក្នុងគោលបំណងបង្កក ឬទប់ស្កាត់អាជ្ញាយុកាល (Statute of limitations) រយៈពេល ១០ ឆ្នាំនៃបទល្មើសនេះ កុំឱ្យផុតកំណត់កាលពីដើមខែតុលាកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​ឯកសារដែលបានដាក់ជូនតុលាការសហព័ន្ធនៅរដ្ឋធានីវ៉ាស៊ីនតោន បានចោទប្រកាន់លោក Comey ពីបទបញ្ជូន និងឃុបឃិតបញ្ជូនព័ត៌មាន សម្ងាត់ពាក់ព័ន្ធនឹងវិស័យការពារជាតិ។ ក្នុងនោះ បណ្តឹងបានអះអាងថា លោកបានចែករំលែកព័ត៌មានសម្ងាត់ (Classified information) ទៅកាន់អ្នកសារព័ត៌មានម្នាក់របស់កាសែត The New York Times កាលពីខែតុលា ឆ្នាំ ២០១៦។

​ជុំវិញចំណាត់ការនេះ លោក Patrick Fitzgerald មេធាវីការពារក្តីរបស់លោក Comey បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកសារបណ្តឹងនេះ «មានចេតនាចោទប្រកាន់លោក Comey ពីបទឧក្រិដ្ឋដែលលោកមិនបានប្រព្រឹត្តនោះឡើយ»។ បណ្តឹងព្រហ្មទណ្ឌនេះ ត្រូវបានដាក់ជូនតុលាការតាំងពីថ្ងៃទី ៥ ខែតុលាមកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានបើកបង្ហាញជាសាធារណៈ (Unsealed) កាលពីថ្ងៃចន្ទ តាមការស្នើសុំរបស់ក្រុមមេធាវីរបស់លោក Comey ផ្ទាល់។

​នៅក្នុងវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញសង្គម Instagram លោក Comey បានបញ្ជាក់ថា «ពួកគេបានត្រឡប់មកម្តងទៀតហើយ» ដោយសំដៅលើក្រសួងយុត្តិធម៌ ប៉ុន្តែលោកមិនបានលម្អិតពីអង្គហេតុបន្ថែមនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា «ខ្ញុំនៅតែជាមនុស្សស្អាតស្អំ និងគ្មានទោសពៃរ៍ដដែល»។

​ជាមួយគ្នានេះ ក្រុមមេធាវីរបស់លោក Comey បានដាក់ពាក្យស្នើសុំទៅកាន់ចៅក្រមរួចជាស្រេច ដើម្បីច្រានចោលសំណុំរឿងនេះ ដោយលើកហេតុផលថា ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើង មិនត្រឹមត្រូវតាមនីតិវិធីច្បាប់នោះឡើយ។

​សំណុំរឿងថ្មីនេះបានបន្ថែមបន្ទុកលើសមរភូមិផ្លូវច្បាប់ដែលលោក Comey កំពុងប្រឈមមុខ ខណៈដែលក្រសួងយុត្តិធម៌ធ្លាប់បានចោទប្រកាន់រូបលោករួចមកហើយចំនួនពីរករណី៖

  1. ​សំណុំរឿងផ្តល់សក្ខីកម្មមិនពិត៖ ចោទប្រកាន់ពីបទកុហកសភាទាក់ទងនឹងការលេចធ្លាយព័ត៌មានទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (សំណុំរឿងនេះត្រូវបានចៅក្រមសម្រេចច្រានចោលរួចហើយ)។
  2. ​សំណុំរឿងគំរាមកំហែង៖ ចោទប្រកាន់ពីបទគំរាមកំហែងដល់ប្រធានាធិបតី Donald Trump នៅក្នុងការបង្ហោះលើបណ្តាញសង្គម (សំណុំរឿងនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការនៅឡើយ)។

​ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រផ្លូវច្បាប់ក្នុងការទប់ស្កាត់ការផុតកំណត់អាជ្ញាយុកាល អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា នេះជា «ការអនុវត្តទូទៅដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតុលាការសហព័ន្ធ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «នេះគឺជាការស៊ើបអង្កេតព្រហ្មទណ្ឌដែលកំពុងបន្តដំណើរការ ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើសពីនេះឡើយ»។

ប្រែសម្រួល៖ គីរី

To Top