បណ្តាប្រទេសអឺរ៉ុប ដែលមានឥទ្ធិពលខ្លាំង ក្នុងអង្គការណាតូ ប្តេជ្ញាពង្រឹងតួនាទីផ្នែកការពារជាតិ និងបញ្ជាក់ជាថ្មី នូវសម្ព័ន្ធភាពជាមួយអាមេរិក
បរទេស៖ សមាជិកសំខាន់ៗទាំង៥ របស់អង្គការណាតូ មកពីតំបន់អឺរ៉ុប បានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយក «ការទទួលខុសត្រូវកាន់តែធំ» នៅក្នុងសម្ព័ន្ធភាពនេះ ខណៈដែលនៅតែចាត់ទុកសហរដ្ឋអាមេរិកថាជា «សម្ព័ន្ធមិត្តដែលមិនអាចខ្វះបាន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេស (ក្រុម E5) បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉ារីសថា «អឺរ៉ុបត្រូវតែទទួលខុសត្រូវកាន់តែខ្លាំង ចំពោះសន្តិសុខផ្ទាល់ខ្លួន» និងទទួលបន្ទុកកាន់តែធ្ងន់នៅក្នុងសម្ព័ន្ធភាពនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកគេបានបញ្ជាក់ថា «យើងប្តេជ្ញាធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់ ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាជាក់ស្តែងនេះ»។
ប្រភពានបញ្ជាក់ថា «សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មិនអាចខ្វះបាន ហើយនឹងបន្តស្ថិតក្នុងឋានៈនេះតទៅទៀត។ ការបន្តចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងសន្តិសុខអឺរ៉ុប គឺជារឿងចាំបាច់បំផុតសម្រាប់អង្គការណាតូ ដ៏រឹងមាំ និងអាចទុកចិត្តបាន»។
រដ្ឋមន្ត្រីបារាំង លោកស្រី Catherine Vautrin បានឧ្យដឹងថា ប្រទេសទាំងប្រាំបានព្រមព្រៀងគ្នាធ្វើការឆ្ពោះទៅរក «អឺរ៉ុបដ៏រឹងមាំមួយ នៅក្នុងអង្គការណាតូ ដែលកាន់តែរឹងមាំដូចគ្នា» តាមរយៈផែនការសម្របសម្រួលមួយ ដែលត្រូវបានរៀបចំឡើងដោយមាន «តម្លាភាពពេញលេញ» ជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកស្រីបានបញ្ជាក់ថា កិច្ចប្រជុំលើកក្រោយរបស់ក្រុម E5 នឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ក្នុងខែមីនា ឆ្នាំ ២០២៧។លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់អឺរ៉ុប ដែលបានចូលរួមកិច្ចប្រជុំនេះដែរ បានឧ្យដឹងថា «យើងត្រូវតែបន្តធ្វើទំនើបកម្មកងកម្លាំង និងសមត្ថភាពរបស់យើង ដើម្បីកសាងអឺរ៉ុបដ៏រឹងមាំមួយ នៅក្នុងអង្គការណាតូ ដែលកាន់តែរឹងមាំ៕
ប្រែសម្រួល ឈូក បូរ៉ា
