លោក ត្រាំ ប្រកាសផ្តល់រង្វាន់ ១ លានដុល្លារ សម្រាប់ព័ត៌មាន លើករណីក្លែងបន្លំការបោះឆ្នោត ខណៈការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ខិតជិតមកដល់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់រង្វាន់ចំនួន ១ លានដុល្លារ សម្រាប់ព័ត៌មានទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត។ នេះគឺជាការប៉ុនប៉ងថ្មីមួយទៀត ដើម្បីបង្កឱ្យមានការសង្ស័យ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក និងដើម្បីជំរុញការអះអាងមិនពិតរបស់លោកថា លោកគឺជាអ្នកឈ្នះក្នុងការបោះឆ្នោតឆ្នាំ ២០២០។
តាមការសរសេររបស់លោក ត្រាំ នៅលើបណ្តាញសង្គម Truth Social របស់លោកបានឧ្យដឹងថា “នរណាក៏ដោយដែលរាយការណ៍អំពីការក្លែងបន្លំការបោះឆ្នោតនៅក្នុងការបោះឆ្នោតកន្លងមក ឬនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ខាងមុខនេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លារ នៅពេលដែលជនដែលបានប្រព្រឹត្តអំពើក្លែងបន្លំទាំងនោះ ត្រូវបានចាប់ខ្លួន និងកាត់ទោស”។
នៅសល់តែ ៨ ថ្ងៃទៀតប៉ុណ្ណោះមុនដល់ការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ហើយលទ្ធផលស្ទង់មតិបង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងនាំមុខ ខណៈដែលគណបក្សសាធារណរដ្ឋ កំពុងខិតខំប្រឹងប្រែងរក្សាការគ្រប់គ្រង លើសភាទាំងពីរថ្នាក់។
ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ អាចនឹងរារាំង ដល់របៀបវារៈរបស់លោក ត្រាំ និងធ្វើឱ្យរដ្ឋបាល របស់លោកប្រឈមមុខនឹងការស៊ើបអង្កេតពីសំណាក់សភា ក្នុងអំឡុងពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក។
លោក ត្រាំ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានម្តងហើយម្តងទៀតអំពីការក្លែងបន្លំការបោះឆ្នោត រួមទាំងការអះអាងរបស់លោកថាលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ការសិក្សាបានរកឃើញជាប់លាប់ថា ការក្លែងបន្លំអ្នកបោះឆ្នោតកម្រមានណាស់ ជាពិសេសការបោះឆ្នោត ដោយអ្នកមិនមែនជាពលរដ្ឋ ដែលវាខុសច្បាប់រួចទៅហើយនៅក្នុងការបោះឆ្នោតសហព័ន្ធ។
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីការសន្យាមុនការបោះឆ្នោតដ៏អស្ចារ្យជាបន្តបន្ទាប់ រួមទាំងការផ្តល់ជូន ៥០០០ ដុល្លារដល់ពលរដ្ឋអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើពួកសាធារណរដ្ឋរក្សាបាននូវសភាទាំងពីរ លើសំណើមួយដែលមានតម្លៃជាង ១ ទ្រីលានដុល្លារ ដែលនឹងត្រូវការការយល់ព្រមពីសភា៕
ប្រែសម្រួល ឈូក បូរ៉ា
