អនាគតនយោបាយ របស់លោក ណេតាន់យ៉ាហ៊ូ ស្ថិតក្នុងភាពប្រថុយប្រថាន ខណៈអ៊ីស្រាអែល កំពុងបោះឆ្នោត
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងការតស៊ូ ដើម្បីរក្សាតំណែងនយោបាយ របស់លោក នៅក្នុងការបោះឆ្នោតរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី២៧ ខែតុលា ក្នុងនោះ អ្នកបោះឆ្នោតកំពុងថ្លឹងថ្លែង អំពីភាពជាអ្នកដឹកនាំរបស់លោក បន្ទាប់ពីមានការវាយប្រហារ ដែលដឹកនាំដោយក្រុមហាម៉ាស់ ក្នុងឆ្នាំ ២០២៣ សង្គ្រាមនៅតំបន់ហ្គាហ្សា និងជាមួយប្រទេសអ៊ីរ៉ង់ ព្រមទាំងការដែលអ៊ីស្រាអែល កាន់តែឯកោនៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ ដែលជាមេដឹកនាំកាន់អំណាចយូរ ជាងគេបំផុតរបស់អ៊ីស្រាអែល រយៈពេល ១៩ ឆ្នាំ នៅតែបង្ហាញសមត្ថភាព ដ៏រឹងមាំក្នុងការរក្សាតំណែង ។ នេះគឺដោយសារ តែនយោបាយជាតិ និយមកាន់តែចាក់ឫសជ្រៅនៅក្នុងប្រទេស ហើយប្រព័ន្ធនយោបាយរបស់អ៊ីស្រាអែល ដែលកំពុងបែកបាក់គ្នា អាចនឹងធ្វើឱ្យលោកក្លាយជាបុគ្គលដែលមានលទ្ធភាពខ្ពស់បំផុតក្នុងការបង្កើតរដ្ឋាភិបាល។
ការស្ទង់មតិបង្ហាញពីការប្រកួតប្រជែងយ៉ាងប្រផិតប្រផើយរវាងគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ ព្រមទាំងសម្ព័ន្ធមិត្តស្លាបស្តាំនិយមរបស់លោក និងសម្ព័ន្ធភាពគូប្រជែងមួយទៀតដែលដឹកនាំដោយលោក Gadi Eisenkot ដែលជាអតីតមេបញ្ជាការកងទ័ព និងជាបុគ្គល ដែលមានជំហររឹងមាំលើបញ្ហាសន្តិសុខ ដោយមានការគាំទ្រពីក្រុម នយោបាយស្លាបស្តាំ និងក្រុមនយោបាយកណ្តាល។
លោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើការឃោសនានយោបាយដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់លោក ក្នុងអំឡុងពេលសង្គ្រាម និងសម្ព័ន្ធភាពរបស់គាត់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសគាំទ្ររូបលោក និងបានចូលរួមជាមួយអ៊ីស្រាអែលក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
កាលពីថ្ងៃអាទិត្យ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា លោក ត្រាំ ត្រៀមខ្លួនរួចរាល់ហើយក្នុងការ ចាត់វិធានការម្តងទៀត ដើម្បីលុបបំបាត់ការគំរាមកំហែងពីអ៊ីរ៉ង់ «ឱ្យអស់ទៅ» ប៉ុន្តែលុះត្រាតែលោក ណេតា់យ៉ាហ៊ូ នៅតែបន្តកាន់អំណាច។
លោក Eisenkot បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថា «ពឹងផ្អែកលើយុទ្ធនាការដែលបង្កឱ្យមានការភ័យខ្លាច ការភូតភរ និងការគំរាមកំហែង» ហើយបានលើកឡើងថា លោកមានទំនុកចិត្តថា លោក ត្រាំ នឹងធ្វើការ «ដោយសហការយ៉ាងពេញលេញជាមួយមេដឹកនាំរូបណាក៏ដោយ ដែលត្រូវបានជ្រើសរើសដោយប្រជាជន»៕
