ព័ត៌មានអន្តរជាតិ

របាយការណ៍ឱ្យដឹងថា ក្រុមហ៊ុន Volkswagen កំពុងពិចារណាប្រើប្រាស់កម្មវិធី software របស់ចិន សម្រាប់ទីផ្សារអឺរ៉ុប

បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ក្រុមហ៊ុន Volkswagen អាចនឹងយកប្រព័ន្ធ software ដែលបច្ចុប្បន្នកំពុងប្រើប្រាស់នៅក្នុងរថយន្ត របស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន ទៅអនុវត្តលើរថយន្តដែលលក់ក្នុងទីផ្សារទូទៅនៅអឺរ៉ុប។ វិធានការនេះអាចនឹងធ្វើឱ្យដៃគូសហការនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Rivian (RIVN.O) ត្រូវគេទុកចោលមួយឡែក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ប្រព័ន្ធដែលហៅថា “China Electronic Architecture” (ស្ថាបត្យកម្មអេឡិចត្រូនិកសម្រាប់ចិន) របស់ Volkswagen ដែលត្រូវបានបង្កើតឡើងសម្រាប់រថយន្តម៉ូដែលនានានៅចិន ដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក Xpeng នោះ អាចនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់រថយន្តជំនាន់ក្រោយៗទៀត របស់ម៉ាកយីហោសំខាន់ៗក្នុងក្រុម Volkswagen ដូចជា VW, Skoda និង Cupra។ នេះបើតាមការរាយការណ៍របស់ទស្សនាវដ្តី Manager Magazin ដោយដកស្រង់ប្រភពព័ត៌មាននានា។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា លោក Thomas Schaefer ប្រធានម៉ាកយីហោសំខាន់ៗរបស់ក្រុមហ៊ុន គ្រោងនឹងដាក់សំណើនេះជូនថ្នាក់ដឹកនាំនៅថ្ងៃអង្គារ។ ផែនការនេះនឹងគ្របដណ្តប់លើរថយន្តប្រហែល ៣ ភាគ ៤ នៃម៉ូដែលជំនាន់ក្រោយរបស់ម៉ាកយីហោទាំង ៣ នេះ ដែលកំពុងពង្រីកវត្តមានរថយន្តអគ្គិសនី (EV) របស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានរក្សាប្រព័ន្ធ software ឱ្យនៅដាច់ដោយឡែកពីគ្នា ដោយប្រើប្រាស់ស្ថាបត្យកម្មដែលបង្កើតឡើងរួមគ្នាជាមួយ Xpeng សម្រាប់ទីផ្សារចិន ខណៈពេលដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាផ្សេងមួយទៀតសម្រាប់ទីផ្សារលោកខាងលិច ដោយសហការជាមួយក្រុមហ៊ុន Rivian។ គម្រោងសហការជាមួយ Rivian នេះ មានទំហំទឹកប្រាក់វិនិយោគចំនួន ៥,៨ ពាន់លានដុល្លារ ហើយវាគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រផ្នែកសូហ្វវែររបស់នាយកប្រតិបត្តិ (CEO) លោក Oliver Blume។
ប្រែសម្រួលៈ តុលា

To Top