Feature

ប្រភពព័ត៌មាន៖ រោងចក្រចម្រាញ់ប្រេងរុស្ស៊ី បង្កើនផលិតកម្មប្រេងម៉ាស៊ូត ក្រោយសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

បរទេស៖ ប្រភពព័ត៌មានចំនួនពីរនៅក្នុងវិស័យនេះ ដែលដឹងរឿងរ៉ាវនេះច្បាស់ បានឱ្យដឹងថា រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីកំពុងបង្កើនការផលិតប្រេងម៉ាស៊ូតនៅក្នុងខែតុលា បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់កូតាសម្រាប់ការនាំចេញ ក្រោយពីមានកិច្ចព្រមព្រៀងផ្គត់ផ្គង់រវាងវិមានក្រឹមឡាំង និងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី ៩ ខែតុលាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារសកលលោក ដោយសហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មលើប្រេងឥន្ធនៈរបស់រុស្ស៊ីជាបណ្តោះអាសន្ន។

ភាគីរុស្ស៊ីបានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ហើយលោក ត្រាំ បាននិយាយថា រុស្ស៊ីនឹងបញ្ជូនប្រេងម៉ាស៊ូតជាង ៣០០.០០០ តោន (ប្រហែល ២,២៥ លានបារ៉ែល) ភ្លាមៗ បន្ទាប់មកនឹងបញ្ជូនបន្ថែមចំនួន ៥០០.០០០ តោនទៀតនៅក្នុងខែវិច្ឆិកា និង ១ លានតោនទៀតបន្ទាប់ពីនោះ។ លោកបានបន្ថែមថា រុស្ស៊ីក៏នឹងផ្គត់ផ្គង់ចំនួន ៣ លានតោនបន្ថែមទៀតផងដែរ ដោយអាស្រ័យលើស្ថានភាពនៃរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។

ក្រុមអ្នកជួញដូរបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែតុលាមក រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឱ្យមានករណីលើកលែងចំពោះបម្រាមនាំចេញប្រេងម៉ាស៊ូតដែលកំពុងអនុវត្ត ដោយបានចេញកូតាដើម្បីអនុញ្ញាតឱ្យរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងឥន្ធនៈក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយលោក ត្រាំ។

ចាប់តាំងពីបម្រាមនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីចូលជាធរមានកាលពីខែសីហា ក្រុមហ៊ុនប្រេងរបស់រុស្ស៊ីបានកាត់បន្ថយផលិតកម្មដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ខណៈពេលដែលកម្រិតការផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសនៅអាស៊ីកណ្តាល ត្រូវបានកំណត់តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

ប្រែសម្រួលៈ តុលា

To Top