Feature

សារព័ត៌មាន Fox News៖ មន្ទីរបញ្ចកោណកំពុងត្រៀមខ្លួនសម្រាប់ «សង្គ្រាមទ្រង់ទ្រាយធំ» 

បរទេស៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News គឺយុទ្ធសាស្ត្រថ្មីមួយរបស់មន្ទីរបញ្ចកោណ (Pentagon) តម្រូវឱ្យមូលដ្ឋានយោធាសំខាន់ៗនៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចរក្សាប្រតិបត្តិការចាំបាច់នានាឱ្យដំណើរការបានយ៉ាងហោចណាស់ ៩០ ថ្ងៃ ដោយមិនចាំបាច់ពឹងផ្អែកលើការគាំទ្រពីខាងក្រៅ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា បណ្តាញព័ត៌មាននេះបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គោលដៅនៃភាពឯករាជ្យនេះ ត្រូវបានចែងនៅក្នុងឯកសារដែលមានឈ្មោះថា «FORTRESS»។ លើសពីនេះ សម្រាប់សម្ភារៈយោធាដែលសំខាន់ៗ ចាំបាច់ត្រូវមានផ្លូវផ្គត់ផ្គង់ ឬប្រភពផលិតកម្មយ៉ាងហោចណាស់ពីរ ដើម្បីធានាថាការផ្គត់ផ្គង់នឹងមិនត្រូវបានរំខានឡើយ។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានប្រកាសអំពីគំនិតផ្តួចផ្តើមនេះកាលពីខែមុន។ កងទ័ពអាមេរិកបានជួបប្រទះបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការផ្គត់ផ្គង់ភស្តុភារនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារលើមូលដ្ឋានអាមេរិក និងទីតាំងផ្សេងទៀតដែលកងទ័ពអាមេរិកប្រើប្រាស់។ សកម្មភាពរបស់អ៊ីរ៉ង់នេះ គឺជាការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

Fox News ដែលជាទូទៅតែងតែគាំទ្រគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានសរសេរថា សហរដ្ឋអាមេរិកចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាសន្នមួយ ដែលសកម្មភាពយោធាអាច «បំផ្លាញបណ្តាញអគ្គិសនី រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើទឹកដីអាមេរិក»។

ប្រែសម្រួលៈ តុលា

To Top