Feature

ការកើនឡើងយ៉ាងគំហុកនៃតម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុប និងផលប៉ះពាល់ការដល់ការចំណាយនារដូវរងា

បរទេស៖ តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបបានកើនឡើងរហូតដល់ទៅបីដងនៅក្នុងឆ្នាំ ២០២៦ ស្របពេលដែលទុនបម្រុងឧស្ម័ននៅក្នុងស្តុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។ អ្នកវិភាគបានព្រមានថា អឺរ៉ុបប្រហែលជាត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ឧស្ម័នដើម្បីអាចឆ្លងកាត់រដូវរងានេះបាន ដោយសារការព្រួយបារម្ភជុំវិញការខ្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃដែលអាចបន្តអូសបន្លាយរហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៨ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន euronews ថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០២៦។

តម្លៃឧស្ម័នគោលរបស់អឺរ៉ុប (Dutch TTF) បានកើនឡើងប្រមាណ ២៣៤% ពោលគឺពីតម្លៃប្រហែល ២៨អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង នៅដើមខែមករា ឆ្នាំ២០២៦ មកដល់ជិត ៩៦អឺរ៉ូ កាលពីពេលថ្មីៗនេះ។

ការផ្ទុះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz បានកាត់ផ្ដាច់អឺរ៉ុបពីប្រទេសកាតា (Qatar) ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ (LNG) ដ៏សំខាន់មួយ។ បន្ថែមពីនេះ សហភាពអឺរ៉ុបនឹងហាមឃាត់ការនាំចូល LNG ពីរុស្ស៊ីទាំងស្រុងចាប់ពីខែមករា ឆ្នាំ២០២៧ ដែលជំរុញឱ្យការប្រកួតប្រជែងទិញឧស្ម័នក្នុងទីផ្សារសកល (ជាពិសេសជាមួយអាស៊ី) កាន់តែមានភាពតានតឹង។

ដោយសារបាត់បង់ការផ្គត់ផ្គង់ពីកាតា អឺរ៉ុបមិនអាចស្តុកទុកឧស្ម័នបានគ្រប់គ្រាន់នារដូវក្តៅកន្លងទៅ។ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦ ទុនបម្រុងមានត្រឹមតែ ៧៤,៦% ប៉ុណ្ណោះ បើធៀបនឹង ៩៨,៥% កាលពីឆ្នាំ២០២៣។ ក្រុមហ៊ុនស្រាវជ្រាវ Wood Mackenzie រំពឹងថា ទុនបម្រុងនេះអាចនឹងធ្លាក់ចុះមកនៅត្រឹម ១៧% ទៅ ២០% ប៉ុណ្ណោះ នៅចុងខែមីនា ខាងមុខ។

សម្រាប់គ្រួសារទូទៅដែលប្រើប្រាស់ឧស្ម័នសម្រាប់កម្តៅប្រហែល ១០.០០០គីឡូវ៉ាត់ម៉ោង ក្នុងចន្លោះពីខែវិច្ឆិកា ដល់ខែមីនា ការកើនឡើងតម្លៃនេះអាចធ្វើឱ្យពួកគេត្រូវចំណាយបន្ថែមប្រមាណ ៧១៥អឺរ៉ូ (រួមបញ្ចូលទាំងពន្ធអាករ ២០%) លើវិក្កយបត្រថាមពលរបស់ពួកគេ។

អ្នកជំនាញណែនាំឱ្យមានការកាត់បន្ថយតម្រូវការប្រើប្រាស់។ សម្រាប់គ្រួសារនីមួយៗ ការបញ្ចុះកម្តៅម៉ាស៊ីន (Thermostat) ត្រឹមតែ ១អង្សាសេ អាចជួយសន្សំសំចៃវិក្កយបត្របានរហូតដល់ ១០%។ សម្រាប់ដំណោះស្រាយរយៈពេលវែង អឺរ៉ុបចាំបាច់ត្រូវបន្តកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន ដោយងាកទៅរកគម្រោងថាមពលកកើតឡើងវិញ (Renewables) ប្រព័ន្ធស្តុកថាមពល និងការកែលម្អបណ្តាញអគ្គិសនី។

ជារួម បើទោះបីជាអឺរ៉ុបបានផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ថាមពលរបស់ខ្លួនក្រោយឆ្នាំ ២០២២ ក៏ដោយ ក៏កម្រិតនៃការពឹងផ្អែកនៅតែមិនទាន់ផ្លាស់ប្តូរ ដែលធ្វើឱ្យរដូវរងាឆ្នាំនេះក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់សន្តិសុខថាមពលរបស់ទ្វីបមួយនេះ។

ប្រែសម្រួល៖​ គីរី 

To Top